យោធាអ៊ីស្រាអែលបាននិយាយកាលពីថ្ងៃអាទិត្យ (១៧ ធ្នូ) ថាសញ្ញាសុំជំនួយដែលសរសេរថា «ជួយផង (S.O.S)» ជាភាសាអង់គ្លេស និង «ជួយផង មានចំណាប់ថ្នូរបីនាក់» ជាភាសាហេប្រ៊ូ ត្រូវបានរកឃើញនៅលើជញ្ជាំងនៃអគារនៅតំបន់ហ្កាហ្សា មួយជាទីដែលចំណាប់ថ្នូរអ៊ីស្រាអែលបីនាក់ បានលាក់ខ្លួនមុនពេលពួកគេត្រូវបានសម្លាប់ដោយច្រឡំ។

យោធាបានចែកចាយរូបថតនៃស្លាកសញ្ញាក្រណាត់ពណ៌ស សរសេរជាពណ៌ក្រហម ដែលទំនងជាសរសេរដោយប្រើប្រាស់សំណល់អាហារ។ អ្នកនាំពាក្យ លោកយោធាឧត្តមនាវីឯក ដានីញ៉ែល ហាហ្ការី (Daniel Hagari) បាននិយាយថា សញ្ញានោះត្រូវបានព្យួរនៅលើអគារប្រហែល ២០០ម៉ែត្រពីកន្លែងដែលចំណាប់ថ្នូរត្រូវបានបាញ់។

យោធាអ៊ីស្រាអែលបាននិយាយថា ពួកគេបានលើកទង់ពណ៌ស និងមិនបានពាក់អាវនោះទេនៅពេលត្រូវបានគេបាញ់ ដែលនោះជាការប្រឆាំងនឹងច្បាប់ប្រយុទ្ធរបស់អ៊ីស្រាអែល។ ប្រមុខយោធាអ៊ីស្រាអែលបានប្រាប់ទាហាននៅក្នុងតំបន់ហ្កាហ្សា កុំឲ្យមានកំហុសនោះកើតឡើងម្ដងទៀតឲ្យសោះ ហើយយោធាកំពុងស៊ើបអង្កេតការស្លាប់នេះ។

ចំណាប់ថ្នូរជនជាតិអ៊ីស្រាអែលជាង ១០០នាក់ នៅតែស្ថិតក្នុងតំបន់ហ្កាហ្សា ដោយឃុំខ្លួនមិនឲ្យមានទំនាក់ទំនងទៅខាងក្រៅ បើទោះជាអ៊ីស្រាអែលអំពាវនាវឱ្យកាកបាទក្រហមចូលពិនិត្យថែទាំអ្នកទាំងនោះក៏ដោយ។
ក្នុងកិច្ចព្រមព្រៀងមួយដែលបានធ្វើឡើងកាលពីចុងខែវិច្ឆិកា ចំណាប់ថ្នូរស្ត្រី កុមារ ក្មេងជំទង់ និងជនបរទេសជាង ១០០នាក់ត្រូវបានដោះលែង ហើយចំណាប់ថ្នូរផ្សេងទៀតត្រូវអាជ្ញាធរអ៊ីស្រាអែលប្រកាសថាបានស្លាប់៕