ក្រចេះ៖ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម គីម វីរ: អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញជាអធិបតីក្នុងពិធីបើកលំហាត់សាកល្បងថ្នាក់ ជាតិ ស្តីពីការឆ្លើយតបសង្គ្រោះបន្ទាន់គ្រោះមហន្តរាយ និងដឹកនាំដំណើរការលំហាត់សាកល្បងថ្នាក់ជាតិស្តីពីការឆ្លើយតបសង្គ្រោះបន្ទាន់គ្រោះមហន្តរាយ ក្នុងក្រុងក្រចេះ ដែលប្រព្រឹត្តទៅពីថ្ងៃទី១៨-២០ ខែធ្នូ ឆ្នាំ២០២៣។

លំហាត់សាកល្បងនេះ មានការអញ្ជើញចូលរួមពីលោកស្រី អ៊ីវ ច័ន្ទមុនីរ័ត្ន មន្ត្រីបច្ចេកទេសជាន់ខ្ពស់ តំណាងកម្មវិធីស្បៀងអាហារពិភពលោក តំណាងមកពីក្រសួងស្ថាប័នជំនាញ អភិបាលរងខេត្ត និងមន្ត្រីជំនាញខេត្តតាមដងទន្លេមេគង្គ និងភាគឥសាន កងប្រតិបត្តិការរុករក និងសង្គ្រោះ និងអង្គការដៃគូ សរុប១៥០នាក់។

ដោយមានកិច្ចសហការ រវាងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងកម្មវិធីស្បៀងអាហារពិភពលោក (WFP) ការរៀបចំលំហាត់សាកល្បងនេះក្នុងគោលបំណងដើម្បីពង្រឹងសមត្ថភាពឆ្លើយតបរបស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ក្រុមប្រតិបត្តិការរុករកនិងសង្រ្គោះ និងដៃគូអភិវឌ្ឍន៍ ដោយធ្វើឲ្យប្រសើរឡើងនូវការត្រៀមរៀបចំ និងប្រសិទ្ធភាពក្នុងការអនុវត្តការងារគ្រប់គ្រងគ្រោះមហន្តរាយ ការពង្រឹងទំនាក់ទំនង និងការធ្វើសកម្មភាពនានា៕






