សាក្សីសារព័ត៌មាន Reuters បាននិយាយថា ប្រធានាធិបតី លោក Joe Biden មានសុវត្ថិភាព បន្ទាប់ពី រថយន្តមួយគ្រឿង បានបុកជាមួយរថយន្ត SUV ក្នុងក្បួនរថយន្តរបស់លោក ជាផ្នែកមួយនៃព័ត៌មានលម្អិតអំពីសន្តិសុខរបស់ប្រធានាធិបតី។

លោក Biden និងស្រ្តីទីមួយ លោកស្រី Jill Biden ទើបតែចាកចេញពីទីស្នាក់ការកណ្តាលយុទ្ធនាការរបស់លោក នៅពេលដែលឧបទ្ទវហេតុបានកើតឡើង។ សាក្សីនិយាយថា លោកស្រី Jill Biden ក៏មានសុវត្ថិភាពផងដែរ បន្ទាប់ពីគ្រោះថ្នាក់នេះ។

យោងតាមការរាយការណ៍របស់សេតវិមាន បានឲ្យដឹងថា លោកនិងលោកស្រី Bidens បានចេញពីទីស្នាក់ការកណ្តាល Biden-Harris 2024 នៅក្នុងទីក្រុង Wilmington ដែលមានភ្លៀងធ្លាក់ នៅម៉ោង ៨:០៧នាទីយប់ (ម៉ោងក្នុងស្រុក) បន្ទាប់ពីទទួលទានអាហារជាមួយសមាជិកក្រុមបោះឆ្នោតថ្មីរបស់លោក នៅមុនពេលកើតហេតុ ។

មួយសន្ទុះបន្ទាប់ពីលោក Biden បានឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាន រថយន្តមួយគ្រឿងពាក់ស្លាកលេខ រដ្ឋ Delaware ពណ៌ទឹកប្រាក់ បានបុក ជាអ្វីដែលមើលទៅដូចជារថយន្ត SUV ក្នុងក្បួនរថយន្ត ដែលកំពុងការពារក្នុងក្បួនរថយន្តនៅផ្លូវប្រសព្វឆ្លងកាត់ចេញពីផ្លូវចូលទីស្នាក់ការកណ្តាលយុទ្ធនាការ។
វីដេអូ បានបង្ហាញពីភ្នាក់ងារអង្គភាពសេវាកម្មសម្ងាត់ នាំលោក Biden ទៅកាន់រថយន្តរបស់លោក បន្ទាប់ពីមានឧបទ្ទវហេតុ។ រថយន្តពណ៌ទឹកប្រាក់ ដែលរងការខូចខាត ត្រូវបានមន្ត្រីសន្តិសុខហ៊ុមព័ទ្ធភ្លាមៗបន្ទាប់ពីរថយន្តឈប់។ ភ្នាក់ងារបានព័ទ្ធរថយន្ត ហើយទាញអាវុធភ្ជុងលើអ្នកបើកបរដែលបានលើកដៃឡើងលើ។
សាក្សីបាននិយាយថា លោក និងលោកស្រី Bidens បានត្រឡប់ទៅលំនៅឋានវិញដោយសុវត្ថិភាពនៅទីក្រុង Wilmington បន្ទាប់ពីឧបទ្ទវហេតុនេះ។