ភ្នំពេញ៖ បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គការអុកស្វាម នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣នេះ បានសហការរៀបចំវេទិកាប្រចាំឆ្នាំលើកទី១ ក្រោមប្រធានបទ «ដំណើរឆ្ពោះទៅរបបសន្តិសុខសង្គមប្រកបដោយបរិយាបន្ន ឆ្លើយតបយេនឌ័រ និងជាសកលនៅកម្ពុជា» ក្នុងគោលបំណងបង្កើតឱ្យមានកិច្ចពិភាក្សាគោលនយោបាយ ដើម្បីស្វែងយល់ពីបញ្ហាប្រឈម និងដំណោះស្រាយនានា។

លោកស្រី ភាណ សោភ័ណ នាយិកាង្គការអុកស្វាម បានឲ្យដឹងថា បេសកកម្មរបស់អង្គការអុកស្វាម គឺដើម្បីលុបបំបាត់ភាពក្រីក្រ និងអយុត្តិធម៌ ហើយបានប្តេជ្ញាធ្វើការជាមួយ និងគាំទ្ររាជរដ្ឋាភិបាលកម្ពុជា និងដៃគូពាក់ព័ន្ធដើម្បីកាត់បន្ថយភាពក្រីក្រ និងវិសមភាពក្នុងចំណោមកម្មករនិយោជិតក្នុងវិស័យកាត់ដេរ កសិករខ្នាតតូច កម្មករធ្វើការក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលភាគច្រើនជាស្ត្រី និងអ្នកម្តាយ ដើម្បីធានាលទ្ធភាពរបស់ពួកគេក្នុងការទទួលបានរបបសន្តិសុខសង្គម។ លោកបានបន្តថា វេទិកាថ្ងៃនេះ បានអញ្ញើញអ្នកឯកទេស អ្នកតាក់តែងគោលនយោបាយ និងអ្នកផ្តល់ សេវាក្នុងក្របខណ្ឌរបបសន្តិសុខសង្គម ជាមួយថ្នាក់ដឹកនាំមូលដ្ឋាន និងតំណាងកម្មករនិយោជិត ដើម្បីជួបប្រជុំគ្នាស្វែងយល់ពីបញ្ហាប្រឈម និងដំណោះស្រាយ ដើម្បីជំរុញកម្ពុជាឱ្យឆ្ពោះទៅប្រព័ន្ធគាំពារសង្គមប្រកបដោយបរិយាបន្ន ឆ្លើយតបនឹងយេនឌ័រ និងជាសកល។ លោកស្រី បន្ថែមថា ការទទួលបានការគាំពារសង្គម គឺមានសារៈសំខាន់ណាស់សម្រាប់កម្មករនិយោជិត និងក្រុមគ្រួសាររបស់ពួកគេ ព្រោះជួយទ្រទ្រង់សុខុមាលភាព បង្កើនភាពធន់ និងកាត់បន្ថយហានិភ័យនានា ដែលបណ្តាលពីគ្រោះមហន្តរាយ ឬជំងឺរាតត្បាតជាសកល និងទប់ស្កាត់ការធ្លាក់ចូលទៅក្នុងស្ថានភាពក្រីក្រជាដើម។

នៅក្នុងពិធីបើកវេទិកានាឱកាសនោះ ឯកឧត្តម ហេង សុផាន់ណារិទ្ធ អគ្គនាយករងបេឡាជាតិសន្តិសុខសង្គម បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងអាណត្តិកន្លងមក បានដាក់ចេញនូវយុទ្ធសាស្ត្រត្រីកោណ និងយុទ្ធសាស្ត្រចតុកោណទាំង៤ដំណាក់កាល ដែលជាដំណាក់កាលនៃការកសាងជាតិ ដោយផ្តោតជា សំខាន់លើការស្តារ និងការកសាងប្រទេស ដែលទើបងើបចេញពីសង្គ្រាម, ការរក្សាសុខសន្តិភាព និងសណ្តាប់ធ្នាប់សង្គម, ការធ្វើសមាហរណកម្មទៅក្នុងរចនាសម្ព័ន្ធ និងនិម្មាបនកម្ម តំបន់ និងសកល, ការអភិវឌ្ឍ និងការរក្សាស្ថិរភាពសង្គម-សេដ្ឋកិច្ច និងការលើកកម្ពស់ជីវភាពប្រជាជន។ ហើយនៅក្នុងអាណត្តិទី៧ នៃរាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងគតិបណ្ឌិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើនការងារសមធម៌ ប្រសិទ្ធភាព និងចីរភាព ដើម្បីកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។

ឯកឧត្តម បានបន្តទៀតថា បញ្ចកោលទី១ ការអភិវឌ្ឍមូលធនមនុស្សមុំទី៤ ការពង្រឹងប្រព័ន្ធគាំពារសង្គម គឺបង្ហាញពីការកសាង និងការអភិវឌ្ឍប្រព័ន្ធគាំពារសង្គម ឱ្យមានលក្ខណៈប្រមូលផ្តុំ និងសង្គតិភាព ទាំងក្នុងប្រព័ន្ធជំនួយសង្គម និងប្រព័ន្ធសន្តិសុខសង្គម ដោយឈរលើស្មារតី “មិនបោះបង់ពលរដ្ឋខ្មែរណាម្នាក់”។

សូមជម្រាបជូនថា នេះជាវេទិកាលើកដំបូង ដែលរៀបចំឡើងទៅតាមសំណូមពររបស់ថ្នាក់ដឹកនាំ មូលដ្ឋាន និងតំណាងកម្មករនិយោជិត តាមរយៈវេទិកាថ្នាក់តំបន់ចំនួន៣ធំៗ ដែលបានរៀបចំកន្លងមក ជាបន្តបន្ទាប់នៅតំបន់ប៉ូលសេដ្ឋកិច្ចសំខាន់ៗ មានដូចជា៖ សៀមរាប ខេត្តព្រះសីហនុ និងខេត្តស្វាយរៀង ចាប់ពីខែកក្តដា ដល់ខែវិច្ឆិកា ឆ្នាំ២០២៣។ តាមរយៈគម្រោង និងកិច្ចសហការទាំងនេះ ពលរដ្ឋ ថ្នាក់ដឹកនាំមូលដ្ឋាន និងកម្មករនិយោជិត ជាច្រើននាក់បានទទួលព័ត៌មានពីសិទ្ធិអត្ថប្រយោជន៍ និងសារៈសំខាន់នៃគោលនយោបាយសន្តិសុខសង្គម។ រាជរដ្ឋាភិបាល ក៏បានធ្វើការពង្រីកដែនគ្របដណ្តប់ បង្កើនអត្ថប្រយោជន៍នៃរបប សន្តិសុខសង្គម និងកម្មវិធីជំនួយសង្គម ក៏ដូចជាការពង្រឹងយន្តការគណនេយ្យភាពសង្គម ក្នុងប្រព័ន្ធគាំពារសង្គម កម្ពុជាផងដែរ។ ទាំងនេះបានដើរតួរនាទីយ៉ាងសំខាន់ក្នុងការជួយពង្រឹងទំនាក់ទំនងល្អ និងទំនុកចិត្តពីសាធារណៈជន ទៅលើអ្នកផ្តល់សេវា អ្នករាជការសាធារណៈ និងអ្នកតាក់តែង គោលនយោបាយផងដែរ។ ហើយអ្វីដែលពិសេសទៀតនោះ គឺបានចូលរួមកសាង និងពង្រឹងភាពធន់ លើកកម្ពស់សមភាពយេនឌ័រ និងបរិយាបន្ននៅក្នុងសង្គមកម្ពុជាឱ្យបានកាន់តែល្អប្រសើរឡើង៕






