ភ្នំពេញ ៖ មេសហជីពក្នុងវិស័យកាត់ដេរនៅកម្ពុជា បានលើកឡើងថា ក្នុងវិបត្តិការរីករាលដាលនៃជំងឺកូវីដ-១៩ ការយកចិត្តទុកដាក់របស់និយោជក ថៅកែរោងចក្រមួយចំនួន ទៅកាន់កម្មករនិយោជិតនៅមានកម្រិត ខណៈដែលរដ្ឋាភិបាលកម្ពុជាបានខិតខំប្រឹងប្រែងណាស់ក្នុងការទប់ស្កាត់។
លោក ប៉ាវ ស៊ីណា ប្រធានសហភាពចលនាកម្មករកម្ពុជា នៅព្រឹកថ្ងៃទី១៨ មិថុនា ឆ្នាំ២០២១នេះ បានគាំទ្រ និងសាទរចំពោះ ការយកចិត្តទុកដាក់ពីសំណាក់រដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនិងទប់ស្កាត់ជំងឺកូវីដ-១៩ ។ ប៉ុន្តែ លោកមើលឃើញថា ភាគីរោងចក្រខ្លះក៏មានការយកចិត្តទុកដាក់ និងខ្លះទៀតមិនសូវជាយកចិត្តទុកដាក់ ជាពិសេសមិនសូវបានអនុវត្តទៅតាមវិធានការសុខាភិបាល។
លើកឡើងក្នុងកម្មវិធីសន្និសីទអន្តរជាតិខាងការងារលើកទី១០៩ កាលពីពេលកន្លងទៅ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា រដ្ឋាភិបាលកម្ពុជា នៅតែបន្តកិច្ចខិតខំប្រឹងប្រែងនិងយកចិត្តទុកដាក់ខ្ពស់លើកការលើកកម្ពស់លក្ខខណ្ឌការងារ និងលក្ខខណ្ឌសុខភាពនិងសុវត្ថិភាពការងារ, ការពារសិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈ, ថែរក្សានូវសុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈ, និងផ្តល់កិច្ចគាំពារសង្គមជូនដល់កម្មករនិយោជិតក្នុងស្រុក រួមទាំងផ្តល់កិច្ចការពារជាពិសេសចំពោះពលករទេសន្តរ-ប្រវេសន៍កម្ពុជា ដោយសហការយ៉ាងជិតស្និទជាមួយភាគីពាក់ព័ន្ធថ្នាក់ជាតិនិងកម្រិតតំបន់ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល, ច្បាប់និងបទប្បញ្ញត្តិជាតិជាធរមាន និងអនុសញ្ញាអន្តរជាតិខាងការងារដែលកម្ពុជាបានផ្តល់សច្ចាប័ន៕
អត្ថបទ ៖ ឈិត បូរ៉ាវី