សារព័ត៌មាន Al Jazeera រាយការណ៍ថា ជាការឆ្លើយតបទៅនឹងការគំរាមកំហែងកាន់តែខ្លាំងឡើង នៅក្នុងសមុទ្រក្រហម កងទ័ពជើងទឹកអាមេរិក និងចក្រភពអង់គ្លេស បានវាយប្រហារស្ទាក់ចាប់ដោយជោគជ័យនូវយានដ្រូនចំនួន ១៥គ្រឿង ដែលមានប្រភពមកពីតំបន់គ្រប់គ្រងដោយក្រុមហ៊ូធីនៃប្រទេសយេម៉ែន។

ចលនាក្រុមឧទ្ទាមហ៊ូធី បានបង្ហាញពីចេតនារបស់ពួកគេ ក្នុងការបន្តការវាយប្រហារក្នុងគោលបំណងដាក់សម្ពាធលើអ៊ីស្រាអែល ឲ្យមានបទឈប់បាញ់នៅតំបន់ហ្កាហ្សា។ ភាពតានតឹង ដែលកំពុងកើនឡើងនេះ បន្ថែមទៅលើការព្រួយបារម្ភអំពីសង្គ្រាមរបស់អ៊ីស្រាអែលលើក្រុមហាម៉ាស ដែលកំពុងក្លាយទៅជាជម្លោះក្នុងតំបន់។

សហរដ្ឋអាមេរិក បានរារាំងអ៊ីស្រាអែលកុំឲ្យបង្កើនសង្គ្រាមដែនសមុទ្រជាមួយក្រុមហ៊ូធីនេះ។
ទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក (CENTCOM) បានរាយការណ៍ថា នាវាពិឃាតបំពាក់ដោយ មីស៊ីលតម្រង់គោលដៅ USS Carney បានបាញ់ទម្លាក់យានដ្រូនចំនួន ១៤គ្រឿង កាលពីថ្ងៃសៅរ៍ ដោយហៅឧបទ្ទវហេតុនេះថាជា «យានដ្រូនវាយប្រហារទៅលើគោលដៅតែមួយ»។
នាវាពិឃាដ Royal Navy របស់ចក្រភពអង់គ្លេស ឈ្មោះ HMS Diamond បានចូលរួមកិច្ចខិតខំប្រឹងប្រែងនេះ ដោយបានដាក់ពង្រាយមីស៊ីល Sea Viper ហើយបានកម្ទេចយានដ្រូនមួយគ្រឿង ដែលកំណត់គោលសំដៅជាពិសេសទៅលើការដឹកជញ្ជូនទំនិញ។