ភ្នំពេញ៖ ប្រតិភូយុវជនផ្នែកឃោសនាអប់រំ នៃយុវជនគណបក្សថ្នាក់កណ្តាល ដឹកនាំដោយឯកឧត្តម ចាយ បូរិន សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានផ្នែកឃោសនាអប់រំ នៃយុវជនគណបក្សថ្នាក់កណ្តាល បានអញ្ជើញសួរសុខទុក្ខ និងនាំយកវត្ថុអនុស្សាវរីយ៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្រ្តៃយ៍កាកបាទក្រហមកម្ពុជា ជូនលោកជំទាវបណ្ឌិតសភាចារ្យ ខ្លូត ធីតា ទីប្រឹក្សាផ្ទាល់សម្តេចធិបតី ហ៊ុន ម៉ាណែត នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ ដល់គេហដ្ឋាន ស្ថិតនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ឯកឧត្តម ចាយ បូរិន បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេច ឯកឧត្តម លោកជំទាវ ដែលជាថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ ជាពិសេសសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនលោកជំទាវបណ្ឌិតសភាចារ្យ ខ្លូត ធីតា និងក្រុមគ្រួសារ ។
លោកជំទាវបណ្ឌិតសភាចារ្យ និងក្រុមគ្រួសារ ពិតជាមានការពេញចិត្តយ៉ាងខ្លាំងចំពោះសកម្មភាពចុះសួរសុខទុក្ខរបស់ក្រុមការងារយុវជនគណបក្សថ្នាក់កណ្ដាល ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានដឹកនាំបន្តពីសម្តេចតេជោហ៊ុន សែន ហើយតែងតែយកចិត្តទុកដាក់ពីសុខទុក្ខ ជីវភាពរស់នៅ ផ្តល់ភាពកក់ក្តៅ និងក្តីសង្ឃឹមដល់ចាស់ព្រឹទ្ធាចារ្យទំាងអស់ដែលមានគុណបំណាច់ចំពោះគណបក្ស និងប្រទេសជាតិ។ លោកជំទាវបណ្ឌិតសភាចារ្យ ក៏បានបញ្ជាក់ពីការគាំទ្រ និងមានសង្ឃឹមយ៉ាងមុតមាំចំពោះរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានដាក់ចេញ និងកំណត់នូវចក្ខុវិស័យ ផែនការយុទ្ធសាស្រ្តច្បាស់លាស់ ជាពិសេសយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព សំដៅកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ទាំងវិស័យអាណាចក្រ និងពុទ្ធចក្រ។
លោកជំទាវបណ្ឌិតសភាចារ្យ ខ្លូត ធីតា ក៏បានផ្តល់ទស្សនទានជូនយុវជនគណបក្សដូចខាងក្រោម ៖
១-ត្រូវផ្តោតសំខាន់លើការថែរក្សាសុខភាព ទាំងសុខភាពផ្លូវកាយ និងសុខភាពផ្លូវចិត្ត
២-សេពគប់មនុស្សឱ្យច្រើន ប៉ុន្តែត្រូវជ្រើសរើសយកតែមិត្តល្អ
៣-ត្រូវយកចិត្តទុកដាក់ចំពោះសាសនាទាំងអស់ និងត្រូវសិក្សាពីគុណតម្លៃរបស់សាសនានីមួយៗ លោកជំទាវក៏បានរំលឹកពីប្រវត្តិ និងអនុស្សាវរីយ៍ជាច្រើនដែលលោកជំទាវធ្លាប់បានចូលរួម និងឆ្លងកាត់ ដើម្បីជាបទពិសោធន៍ចែកជូនដល់យុវជនជំនាន់ក្រោយ។
លោកជំទាវ ជាអ្នកសិក្សាស្រាវជ្រាវ និងបង្រៀនជំនាញទស្សនវិជ្ជាព្រះពុទ្ធសាសនា ព្រមទាំងបទពិសោធន៍ការងារយ៉ាងច្រើនដូចជា៖ ធ្លាប់បានបម្រើការងារជាសាស្ត្រាចារ្យបង្រៀនប្រវត្ដិវិទ្យា ភូមិវិទ្យា នៅសាលាគរុវិជ្ជាជាន់ខ្ពស់ សិក្សាថ្នាក់បណ្ឌិត ផ្នែកទស្សនវិជ្ជាប្រៀបធៀបសាសនាតួនាទីព្រះពុទ្ធសាសនានៅកម្ពុជា ឆ្លុះបញ្ចាំងតាមរយៈពាហិរសាសនា ជាព្រឹទ្ធនារីរង និងជាសាស្ត្រាចារ្យទស្សនវិជ្ជានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញមណ្ឌលទី១, ទី២ ពុទ្ធិកមហាសាកលវិទ្យាល័យព្រះសីហនុរាជ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល សាកលវិទ្យាល័យភូមិន្ទកសិកម្ម អង្គការក្រៅរដ្ឋាភិបាលចម្រើនស្ត្រី ជាអនុប្រធានវិទ្យាស្ថានមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជា ជាប្រធានក្រុមបណ្ឌិតសភាចារ្យ ជាអនុប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ ជាប្រធានរាជបណ្ឌិត្យសភាកម្ពុជា ជាទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងជាឧត្តមទីប្រឹក្សា នៃក្រុមប្រឹក្សាជាតិភាសាខ្មែរ ជាទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។
ឯកឧត្តម ចាយ បូរិន និងក្រុមការងារក៏បានសម្តែងនូវការកោតសសើរ និងដឹងគុណចំពោះវីរភាពលះបង់គ្រប់បែបយ៉ាងចូលរួមបម្រើ និងកសាងជាតិ មាតុភូមិរបស់លោកជំទាវ ជាមួយគ្នានោះឯកឧត្តម ក៏បានប្រគល់ជូនវត្ថុអនុស្សារីយ៍ និងថវិកាដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនដល់លោកជំទាវបណ្ឌិតសភាចារ្យ ខ្លូត ធីតា និងសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុសិទ្ធិស័ក្ដិក្នុងលោកសូមតាមជួយបីបាច់ថែរក្សាលោកជំទាវបណ្ឌិតសភាចារ្យ និងក្រុមគ្រួសារមានសុខភាពល្អ កម្លាំងមាំមួន និងមានជន្មាយុយឺនយូរ៕អត្ថបទ រដ្ឋា




