ភ្នំពេញ ៖ នៅបណ្តាសាកលវិទ្យាល័យនានាក្នុងមូលដ្ឋានរាជធានីភ្នំពេញ ចាប់ផ្តើមទទួលពាក្យសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិក្នុងឆ្នាំ២០២៣ និងនិស្សិតចុះឈ្មោះចូលសិក្សា និងសាកលវិទ្យាល័យផ្សេងទៀត បើកដំណើរការប្រឡងអាហារូបករណ៍ ឆ្នាំសិក្សា២០២៣-២០២៤។
ជាក់ស្តែងបេក្ខជនដែលបានប្រឡងជាប់ជាស្ថាពរទទួលអាហារូបករណ៍ ចូលរៀនថ្នាក់បរិញ្ញាបត្រមិនបង់ថ្លៃសិក្សា១០០% ដូចមានឈ្មោះក្នុងបញ្ជី និងសិស្សបង់ថ្លៃសិក្សា បានអញ្ជើញមកដាក់ពាក្យចូលរៀនចាប់ពីថ្ងៃទី១៨ ដល់២២ ខែធ្នូ ឆ្នាំ២០២៣ នៅការិយាល័យសេវានិស្សិត នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ទីតាំងទី២ អគារ "ខ" មហាវិថីវិចិត្រសិល្បៈ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ក្នុងនោះមានសិស្សានុសិស្សជាច្រើនមកពីតាមបណ្តារាជធានី-ខេត្ត បានឡើងមករាជធានីភ្នំពេញ ដើម្បីដាក់ពាក្យចូលសិក្សា និងពាក្យស្នើសុំអាហារូបករណ៍ផ្សេងៗ រីឯសិស្សខ្លះទៀតបានមកសាកសួរព័ត៌មានពីសាកលវិទ្យាល័យ លើមុខជំនាញទាំង៥ ដែលសិស្សចង់សិក្សានៅសាកលវិទ្យាល័យ។
នាឱកាសនោះយុវជន ៥រូប ទើបប្រឡងជាប់បាក់ឌុប មកពីខេត្តកំពង់ចាម សៀមរាប រាជធានីភ្នំពេញ និងបណ្តាខេត្តដទៃទៀត បាននិយាយប្រាប់BTV ព័ត៌មាន នាព្រឹកថ្ងៃទី១៨ ខែធ្នូនេះថា ពួកគាត់កំពុងរៀបចំឯកសារដាក់ពាក្យចូលរៀនតាមជំនាញទាំង៥ រួមមាន៖ ជំនាញបុរាណវិទ្យា ស្ថាបត្យកម្ម និងនគរោបនីយវិទ្យា សិល្បៈសូនរូប តូរ្យតន្រី្ត និងសិល្បៈនាដសាស្រ្ត នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ហើយមូលហេតុដែលពួកគាត់ មានបំណងចង់សិក្សាលើជំនាញទាំងនេះ គឺដោយសារការស្រលាញ់ ហើយយល់ថាជំនាញទាំងអស់នេះ បានចូលរួមថែរក្សា អភិរក្ស លើកស្ទួយវិស័យសិល្បៈ វប្បធម៌ខ្មែរ ឲ្យកាន់តែមានកេរ្តិ៍ឈ្មោះល្បីសុះសាយ។
បើតាមឯកឧត្តមសាស្រ្តាចារ្យ ហេង សុផាឌី សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានឲ្យដឹងថា សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ទីតាំងទី២ អគារ "ខ" នឹងបើកបវេសនកាលឆ្នាំសិក្សាថ្មី២០២៣-២០២៤ ថ្នាក់ឆ្នាំមូលដ្ឋាន នាថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ខាងមុខនេះ។ សូមរំលឹកផងដែរថា សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ដំបូងមានឈ្មោះជាសាលាភូមិន្ទសិល្បៈ ដែលត្រូវបានកសាងឡើងក្នុងឆ្នាំ១៩១៧ ហើយបានក្លាយទៅជាសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ នៅឆ្នាំ១៩៦៥។ ដែលមានជំនាញ បុរាណវិទ្យា ស្ថាបត្យកម្ម និងនគរោបនីយវិទ្យា តុបតែងលំអ វិចិត្រកម្ម និងចំលាក់។ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យពីឆ្នាំ១៩៧៥ ដល់ ១៩៧៩ សាកលវិទ្យាល័យត្រូវបានពួកខ្មែរក្រហមបង្ខំអោយបិទទ្វារលែងដំណើរការ។ ប៉ុន្តែនៅឆ្នាំ១៩៨០ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានបើកទ្វារឡើងវិញដោយមានបង្រៀនមុខវិជ្ជា សិល្បៈសូន្យរូប សៀក របាំ ភ្លេង និងល្ខោន។ បច្ចុប្បន្ននិសិ្សតទាំង៥មហាវិទ្យាល័យ រួមមានមហាវិទ្យាល័យបុរាណវិទ្យា, មហាវិទ្យាល័យវិចិត្រសិល្បៈសូនរូប, មហាវិទ្យាល័យស្ថាបត្យកម្ម និងនគរោបនីយវិទ្យា, មហាវិទ្យាល័យតូរ្យតន្រី្ត និងមហាវិទ្យាល័យសិល្បៈនាដសាស្រ្ត ដែលកំពុងសិក្សាក្នុងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ មានចំនួន២៧០០នាក់ នៅក្នុងឆ្នាំសិក្សា២០២២-២០២៣ ដោយមិនទាន់គិតឆ្នាំសិក្សាថ្មី ២០២៣-២០២៤៕ អត្ថបទ រដ្ឋា



















