ភ្នំពេញ ៖ ឯកឧត្តម យ៉ង សាំងកុមារ បច្ចុប្បន្នជារដ្ឋលេខធិការក្រសួងកសិកម្ម និងជាអនុប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ បានលើកឡើងថា រាល់មន្ត្រីកសិកម្មដែលប្រឡងជាប់ ប្រឈមនឹងការបញ្ចប់តួនាទីវិញ បើសិនជាពួកគេបំពេញការងារជាក់ស្ដែងនៅមូលដ្ឋានមិនបានល្អ។ នេះជាការលើកឡើងអំឡុងពេលចាប់ផ្ដើម ដំណាក់កំណែ លើក្រដាសកិច្ចការបេក្ខជន។
ការប្រឡងជ្រើសរើសមន្ត្រីកសិកម្មឃុំ ក្នុងឆ្នាំ ២០២៣នេះ គឺកំណត់យកតែ ២៥០ រូបប៉ុណ្ណោះ ដើម្បីដាក់ពង្រាយជួយដល់កសិករនៅតាមឃុំគោលដៅក្នុងខេត្តចំនួន ១៧។ បុគ្គលដែលប្រឡងជាប់ទាំង ២៥០ រូប ត្រូវឆ្លងកាត់ការបណ្ដុះបណ្ដាលពីក្រសួងកសិកម្មបន្ថែមទៀត ដោយចាប់ផ្ដើមការបណ្ដុះបណ្ដាលនៅក្នុងខែ កុម្ភៈឆ្នាំ ២០២៤ និងចាប់ផ្ដើមបញ្ជូនពួកគេទៅឃុំគោលដៅនៅក្នុងខែ មីនា។ នេះជាការលើកឡើងរបស់ ឯកឧត្តម យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម និងជាអនុប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ ក្នុងឱកាសត្រួតពិនិត្យការចាប់ផ្ដើមដំណាក់កាលកំណែក្រដាសកិច្ចការបេក្ខជន។
ឯកឧត្តមបញ្ជាក់ថា ក្រោយបញ្ជូនទៅតាមគោលដៅរួចរាល់ ក្រសួងនៅបន្តបណ្ដុះបណ្ដាលពួកគេ និងបន្តតាមដានចំពោះលទ្ធផលការងារពួកគេជាក់ស្ដែងផងដែរ។ ការតាមដាន បើសិនជារកឃើញថា ពួកគេបំពេញការងារមិនបានល្អនោះទេ គឺនឹងមានការបញ្ចប់តួនាទី ព្រោះគោលដៅរបស់ក្រសួង ក៏ដូចជាគោលដៅរបស់រាជរដ្ឋាភិបាល គឺជ្រើសរើសមន្ត្រីដែលមានសមត្ថភាព៕ អត្ថបទ៖ គឹមហុក




