
មន្ត្រីជប៉ុនម្នាក់បាននិយាយថា កូរ៉េខាងជើងបានបាញ់មីស៊ីលប្រភេទ ICBM នៅថ្ងៃច័ន្ទ (១៨ ធ្នូ) ជាមួយនឹងរយៈចម្ងាយដែលអាចទៅដល់គ្រប់ទីកន្លែងក្នុងសហរដ្ឋអាមេរិក ដែលជាការបាញ់មីស៊ីលលើកទីពីររបស់ខ្លួនក្នុងរយៈពេលប៉ុន្មានម៉ោង ខណៈដែលទីក្រុងព្យុងយ៉ាង បានថ្កោលទោសការបង្ហាញកម្លាំងដឹកនាំដោយសហរដ្ឋអាមេរិក ថាជាចលនានៃសង្គ្រាម។
អនុរដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន លោក ស៊ីនហ្កូ មីយ៉ាកេ (Shingo Miyake) បាននិយាយថា មីស៊ីលប្រភេទ ICBM (មីស៊ីលផ្លោងអន្តរទ្វីប) មានសក្តានុពលក្នុងការធ្វើដំណើរជាង ១៥.០០០គីឡូម៉ែត្រ ដែលមានន័យថាវាអាចទៅដល់គ្រប់ទីកន្លែងនៅក្នុងប្រទេសជប៉ុន និងសហរដ្ឋអាមេរិកដីគោក។
លោក Miyake បានបន្ថែមថា ការហោះហើរមានរយៈពេល ៧៣នាទី គឺខ្លីជាងការហោះហើរលើកមុន ដែលមានរយៈពេល ៧៤នាទី ដោយមីស៊ីល ICBM កូរ៉េខាងជើងបាញ់កាលពីខែកក្កដា។ វាបានឈានដល់កម្ពស់អតិបរមាជាង ៦.០០០គីឡូម៉ែត្រ ហើយបានធ្លាក់ចូលទៅក្នុងសមុទ្រភាគខាងលិចនៃកោះហុកកៃដូ នៅខាងក្រៅតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសជប៉ុន។
ការបាញ់បង្ហោះមីស៊ីលនៅថ្ងៃច័ន្ទនេះបានកើតឡើងបន្ទាប់ពីកូរ៉េខាងជើង បានបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីកាលពីយប់ថ្ងៃអាទិត្យ (១៧ ធ្នូ) ដោយហោះបានចម្ងាយប្រហែល ៥៧០គីឡូម៉ែត្រ ហើយធ្លាក់ចូលទៅក្នុងសមុទ្រ បន្ទាប់ពីនោះទីក្រុងព្យុងយ៉ាង បានថ្កោលទោសសហរដ្ឋអាមេរិក ចំពោះការចាត់ចែងនូវអ្វីដែលគេហៅថា «ការមើលទុកជាមុននៃសង្គ្រាមនុយក្លេអ៊ែរ»៕