
នាយករដ្ឋមន្ត្រីអង់គ្លេស លោក រីស៊ី ស៊ុណាក់ (Rishi Sunak) បាននិយាយកាលពីថ្ងៃសៅរ៍ (១៦ ធ្នូ) ថាលោកនឹងជំរុញឱ្យមានកំណែទម្រង់សកលចំពោះប្រព័ន្ធសិទ្ធិជ្រកកោន ហើយបានព្រមានថា ការគំរាមកំហែងនៃការកើនឡើងចំនួនភៀសខ្លួនអាច «គ្របដណ្ដប់» ពាសពេញផ្នែកមួយចំនួននៃទ្វីបអឺរ៉ុប។
នៅក្នុងសុន្ទរកថានៅប្រទេសអ៊ីតាលី លោក Sunak បានធ្វើការរិះគន់ខ្លាំងបំផុតមួយចំនួនចំពោះប្រព័ន្ធសិទ្ធិជ្រកកោនជាសកល ខណៈលោកព្យាយាមកែប្រែផែនការរបស់រដ្ឋាភិបាលរបស់ខ្លួនក្នុងការបញ្ជូនជនភៀសខ្លួនទៅរស់នៅក្នុងប្រទេស រ្វ៉ាន់ដា (Rwanda)។
លោក Sunak បានធ្វើអត្ថាធិប្បាយនៅក្នុងពិធីបុណ្យនយោបាយដែលរៀបចំដោយគណបក្សរបស់សមភាគីអ៊ីតាលី លោក ជីអូចា មេឡូនី (Giorgia Meloni) ជាទីដែលលោកបានព្រមានថា «"សត្រូវ» មួយចំនួនមានចេតនា «ជំរុញមនុស្សឱ្យសម្រុកទៅច្រាំងសមុទ្ររបស់យើងដើម្បីព្យាយាម និងធ្វើឱ្យសង្គមរបស់យើងមានអស្ថិរភាព»។
អតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃរបស់ចក្រភពអង់គ្លេស លោកស្រី ស៊ូអេឡា ប្រាវើម៉ាន (Suella Braverman) កាលពីដើមឆ្នាំនេះ បានអំពាវនាវឱ្យមានការផ្លាស់ប្តូរចំពោះអនុសញ្ញាស្តីពីជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ ដែលតម្រូវឱ្យប្រទេសហត្ថលេខីទាំងអស់ផ្តល់សិទ្ធិជ្រកកោនដល់ប្រជាជនដែលភៀសខ្លួនពីការធ្វើទុក្ខបុកម្នេញ។
អនុសញ្ញានេះគឺជាឧបសគ្គផ្នែកច្បាប់ដ៏ធំបំផុតមួយចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលអង់គ្លេសក្នុងការបញ្ឈប់ជនភៀសខ្លួនពីការឆ្លងកាត់តាមទូកតូចៗ និងដើម្បីបញ្ជូនអ្នកស្វែងរកសិទ្ធិជ្រកកោនទៅប្រទេសរ៉្វាន់ដា សម្រាប់ដំណើរការ៕