ភ្នំពេញ ៖ កំណើនសេដ្ឋកិច្ចកម្ពុជា នៅក្នុងឆ្នាំ២០២១ រំពឹងថា មានសន្ទុះក្នុងអត្រាវិជ្ជមានឡើងវិញ ដោយគាំទ្រដោយវិស័យដែលជាជន្ទល់សេដ្ឋកិច្ចមួយចំនួន បានកំពុងមានសន្ទុះឡើងជាបណ្តើរៗ។ ទោះបីស្ថិតនៅក្នុងការប៉ះពាល់ដោយសាររោគរាតត្បាតជំងឺកូវីដ-១៩ នេះក៏ដោយ ការពន្លឿនកម្មវិធីចាក់វ៉ាក់សាំងដល់ប្រជាពលរដ្ឋបង្កើនទំនុកចិត្តទីផ្សារ។
ឯកឧត្តម មាស សុខសេនសាន្ត អ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងប្រាប់ភ្នាក់ងារអ្នកយកព័ត៌មានBTV ស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២១ នេះថា តាមការព្យាករណ៍របស់រាជរដ្ឋាភិបាល ចាប់តាំងពីដើមឆ្នាំ២០២១នេះមក បានបង្ហាញថា សេដ្ឋកិច្ចកម្ពុជា នឹងងើបឡើងវិញក្នុងកំណើនវិជ្ជមាន គឺនៅក្នុងរង្វង់ ៣,៥ ភាគរយ ទៅ ៤ ភាគរយ គឺប្រហាក់ប្រហែលការព្យាករណ៍របស់ធនាគារពិភពលោក។
ឯកឧត្តម បញ្ជាក់ថា កំណើនសេដ្ឋកិច្ច ឆ្នាំ២០២១ នេះ ទ្រទ្រង់ដោយវិស័យ និងអនុវិស័យសំខាន់ៗមួយចំនួនដូចជា៖ វិស័យកសិកម្ម, អនុវិស័យកម្មន្តសាល, អនុវិស័យដឹកជញ្ជូន និងគមនាគមន៍ ដែលបានបង្ហាញនូវក្នុងអត្រាវិជ្ជមាន ក្នុងនោះយើងនៅមានវិស័យដែលជួយទ្រទ្រង់បន្ថែមមួយចំនួនទៀតដូចជា ៖ វិស័យលក់ដុំលក់រាយ, អនុវិស័យអចលនទ្រព្យ និងអនុវិស័យកាត់ដេរ ដែលអាចមានកំណើនថមថយបន្តិច ខុសនឹងការរំពឹងទុក។
លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា កំណើនសេដ្ឋកិច្ចកម្ពុជា ឆ្នាំ២០២១ គឺទាក់ទងនឹងយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩។ ប្រសិនការចាក់វ៉ាក់សាំងបង្ការរបស់រាជរដ្ឋាភិបាល អនុវត្តបានកាន់តែលឿន សង្ឃឹមថា សន្ទុះកំណើនសេដ្ឋកិច្ច អាចនឹងងើបឡើងតាមការរំពឹងទុក ហើយនឹងអាចបន្តងើបដល់ ៦ ភាគរយ នៅឆ្នាំ ២០២២ ខាងមុខផងដែរ ។
សូមបញ្ជាក់ថា នៅថ្ងៃព្រហស្បតិ៍ ធនាគារពិភពលោក ព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជា នឹងទទួលបានកំណើនជិត ៤ ភាគរយ ក្នុងឆ្នាំ ២០២១ ដោយសារការរំពឹងទុកនៃការងើបឡើងវិញបន្តិចម្តងៗនៃសេដ្ឋកិច្ចរួមមាន ៖ ផ្នែកឧស្សាហកម្មផលិត, អាចងើបឡើងវិញជាបណ្តើរៗ ខណៈដែលអាជីវកម្មបោះដុំនិងលក់រាយបានកំពុងប្រឹងងើបឡើងវិញក្នុងល្បឿនយឺត ។
ដោយឡែកផ្នែកនានានៃវិស័យសេវាដូចជា ៖ ការស្នាក់នៅ, ភោជនីយដ្ឋាន និងផ្នែកដឹកជញ្ជូន នៅបន្តរងការប៉ះទង្គិចខ្លាំង ដោយសារការធ្លាក់ចុះនៃទេសចរណ៍ក្នុងស្រុក និងអន្តរជាតិ រីឯការវិនិយោគផ្ទាល់ពីបរទេស នៅតែបន្តហូរចូល ព្រមទាំងជួយទ្រទ្រង់ដល់វិស័យក្រៅប្រទេសផងដែរ, តែទោះយ៉ាងណាការងើបឡើងវិញនេះ ស្ថិតនៅក្នុងសភាពផុយស្រួយ ខណៈវិធានការបិទខ្ទប់នៅតែបន្តអនុវត្ត ដើម្បីទប់ស្កាត់ការរាលដាលនៃការឆ្លងវីរុសកូវីដ-១៩៕
អត្ថបទ ៖ សុន រ៉ាឌី