
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) នឹងបោះឆ្នោតនៅថ្ងៃចន្ទ (ទី១៨ ខែធ្នូ) លើសេចក្ដីសម្រេចថ្មី ដែលអំពាវនាវឲ្យ «បញ្ឈប់ជាបន្ទាន់ និងប្រកបដោយនិរន្តរភាព ជុំវិញអរិភាព» នៅក្នុងតំបន់ហ្កាហ្សា ខណៈដែលក្រុងវ៉ាស៊ីនតោន បង្ហាញភាពអត់ធ្មត់កាន់តែខ្លាំងឡើងជាមួយសម្ព័ន្ធមិត្តដ៏សំខាន់របស់ខ្លួន គឺអ៊ីស្រាអែល។
ការបោះឆ្នោតនេះកើតឡើងប៉ុន្មានថ្ងៃ បន្ទាប់ពីសហរដ្ឋអាមេរិកបានរារាំងសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខពីមុន ដែលអំពាវនាវឲ្យមាន «បទឈប់បាញ់មនុស្សធម៌» លើដែនដីប៉ាឡេស្ទីនដែលរងការវាយលុក ជាកន្លែង ដែលអ៊ីស្រាអែលបន្តការវាយប្រហារឥតប្រណី ក្នុងការសងសឹក ចំពោះការវាយឆ្មក់យ៉ាងកំរោល ដែលមិនធ្លាប់មានពីមុនរបស់ក្រុមហាម៉ាស កាលពីថ្ងៃទី៧ ខែតុលា។
ប៉ុន្តែនៅក្នុងមហាសន្និបាត សមាជិកទាំង ១៩៣ប្រទេសរបស់អង្គការសហប្រជាជាតិ បានបោះឆ្នោតគាំទ្រយ៉ាងលើសលប់ ចំពោះបទឈប់បាញ់ ដោយមាន ១៥៣សំឡេងគាំទ្រ ពោលគឺលើសពី ១៤០សំឡេង ឬច្រើនជាងប្រទេស ដែលតែងតែយល់ស្របលើសេចក្ដីសម្រេចថ្កោលទោសរុស្ស៊ី ចំពោះការលុកលុយអ៊ុយក្រែនទៀតផង។
សេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខនាពេលខាងមុខ ត្រូវបានស្នើឡើងដោយបណ្តាប្រទេសអារ៉ាប់ ដែលបានលេចចេញពីការបោះឆ្នោតមហាសន្និបាត កាលពីថ្ងៃអង្គារសប្ដាហ៍មុន ដោយត្រូវបានជំរុញដោយការគាំទ្រអន្តរជាតិយ៉ាងទូលំទូលាយបែបនេះ ទោះបីជាជោគវាសនានៃសេចក្ដីស្នើចុងក្រោយនេះ នៅតែស្ថិតក្នុងភាពមិនប្រាកដប្រជាក៏ដោយ។
សេចក្តីសម្រេចព្រាងថ្មីនេះ ដែលរៀបចំឡើងដោយប្រទេសអេមីរ៉ាតអារ៉ាប់រួម និងដែលត្រូវបានឃើញដោយសារព័ត៌មាន AFP នោះ អំពាវនាវឲ្យមាន «ការបញ្ឈប់ជាបន្ទាន់ និងប្រកបដោយនិរន្តរភាពនៃអរិភាព ដើម្បីអនុញ្ញាតឲ្យជំនួយមនុស្សធម៌ចូលទៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប ប្រកបដោយសុវត្ថិភាព និងគ្មានការរារាំង»។
យ៉ាងណាក្ដី នៅក្នុងប្រឹងប្រែងមួយ ដែលត្រូវបានរិះគន់ពីសំណាក់អ៊ីស្រាអែល និងសហរដ្ឋអាមេរិក សេចក្តីសម្រេចព្រាងនេះ មិនបញ្ចេញឈ្មោះក្រុមហាម៉ាស់ឲ្យបានចំៗនោះទេ ទោះបីជាខ្លួនអំពាវនាវឲ្យ «ដោះលែងចំណាប់ថ្នូរទាំងអស់ជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ» និងថ្កោលទោស «រាល់ការវាយប្រហារដោយបំពានប្រឆាំងនឹងជនស៊ីវិល» ក៏ដោយ៕