
អង្គការសុខភាពពិភពលោក (WHO) បាននិយាយ (កាលពីថ្ងៃទី១៧ ខែធ្នូ) ថា មន្ទីរពេទ្យ Al Shifa នៃតំបន់ហ្កាហ្សា កំពុងត្រឹមតែបានផ្តល់ការព្យាបាលទប់នឹងរបួសដំបូងៗប៉ុណ្ណោះ មិនមានឈាមសម្រាប់បញ្ចូល និងស្ទើរតែគ្មានបុគ្គលិក ដើម្បីថែទាំអ្នកជំងឺ ដែលបន្តចូលមកឥតដាច់។
បន្ទាប់ពីដំណើរទស្សនកិច្ចរបស់អង្គការសហប្រជាជាតិ (UN) ដើម្បីផ្តល់ថ្នាំ និងសម្ភារផ្គត់ផ្គង់ផ្នែកវះកាត់ ក្រុមការងារបានពណ៌នាផ្នែកសង្គ្រោះបន្ទាន់ នៅក្នុងមណ្ឌលសុខភាពដ៏ធំជាងគេរបស់តំបន់ហ៊ុមព័ទ្ធនេះថា ដូចទៅនឹង «ទីកន្លែងបង្ហូរឈាម»។
WHO បាននិយាយថា មានអ្នករបួសរាប់រយនាក់ ដោយអ្នករបួសថ្មីមកដល់ត្រឹម ១នាទី ហើយរបួសស្នាមត្រូវដេរនៅលើកម្រាលឥដ្ឋ ដោយស្ទើរតែគ្មានការជួយទប់ស្កាត់ការឈឺចាប់។ WHO បានបន្ថែមទៀតថា មានតែមន្ទីរពេទ្យចំនួន៤ ក្នុងចំណោមមន្ទីរពេទ្យចំនួន២៤ ដែលដំណើរការនៅភាគខាងជើងតំបន់ហ្កាហ្សា មុនពេលសង្រ្គាមជាមួយអ៊ីស្រាអែល បានចាប់ផ្តើម ដោយមន្ទីរពេទ្យ១ នៅផ្ដល់សេវាខ្លះ ខណៈ ៣ទៀត ស្ទើរតែបិទដំណើរការទាំងស្រុង។
គេជឿថា ប្រជាជនប៉ាឡេស្ទីនរាប់ម៉ឺននាក់ នៅតែស្ថិតនៅភាគខាងជើងតំបន់ហ្កាហ្សា បន្ទាប់ពីកងកម្លាំងអ៊ីស្រាអែល បានជំរុញឲ្យប្រជាជនភាគច្រើនធ្វើដំណើរទៅភាគខាងត្បូង ក្នុងអំឡុងពេលប៉ុន្មានថ្ងៃដំបូងនៃយុទ្ធនាការទម្លាក់គ្រាប់បែក និងសង្គ្រាមផ្លូវគោក ដែលបានចាប់ផ្តើមបន្ទាប់ពីការវាយប្រហាររបស់ពួកហាម៉ាស កាលពីថ្ងៃទី៧ ខែតុលា។
អាជ្ញាធរសុខាភិបាលរបស់តំបន់ហ្កាហ្សា ក្រោមរដ្ឋបាលរបស់ក្រុមហាម៉ាស បានប្រាប់ថា ប្រជាជនប៉ាឡេស្ទីនជាង ៥០.០០០នាក់ បានរងរបួស អំឡុងប្រតិបត្តិការរបស់អ៊ីស្រាអែលនេះ ហើយ ១៩.០០០នាក់ បានស្លាប់។ ហើយ WHO បាននិយាយថា «អ្នកផ្លាស់ទីលំនៅរាប់ម៉ឺននាក់» កំពុងប្រើប្រាស់មន្ទីរពេទ្យ Al Shifa ជាកន្លែងជ្រកកោន ដោយពណ៌នាអំពីភាពធ្ងន់ធ្ងរនៃកង្វះខាតទឹកប្រើប្រាស់ និងអាហារសុវត្ថិភាព៕