
អ្នកនាំពាក្យរបស់ក្រុមប្រយុទ្ធនៅភាគខាងកើត (Battlegroup East) លោក Alexander Gordeyev បានប្រាប់សារព័ត៌មាន TASS ថា កងកម្លាំងអ៊ុយក្រែន បានបាត់បង់ទាហានរហូតដល់ ១០០នាក់ នៅក្នុង ទិសដៅទីក្រុងដូណិតស្ក៍ (Donetsk) ភាគខាងត្បូង ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ។
លោក Gordeyev បាននិយាយថា៖«ក្នុងអំឡុងពេលប្រយុទ្ធគ្នានៅសមរភូមិ សមាជិកនៃក្រុមប្រយុទ្ធ បានបំផ្លាញស្ថានីយរ៉ាដា AN/TPQ-50 មួយ នៅក្នុងទីក្រុង Ugledar កំាភ្លើងផ្លោងD-20 មួយគ្រឿង នៅក្នុងភូមិ Zelyonoye Pole និងអ្នកបាញ់កាំភ្លើងត្បាល់ពីរនាក់ នៅក្នុងភូមិStaromayorskoye ។ លើសពីនេះ សត្រូវ បានបាត់បង់យានយន្តចំនួន ៣គ្រឿង ទីតាំងឈរជើងបាញ់ចម្ងាយឆ្ងាយវែងចំនួន៩កន្លែង និងយុទ្ធជន រហូតដល់ ១០០ នាក់ ដែលបានស្លាប់ ឬរងរបួស។
លោកបានបន្ថែមថា ការដឹកជញ្ជូនសម្ភារៈផ្គត់ផ្គង់ទៅកាន់ទីតាំងកងពលតូចការពារទឹកដីទីលេខ ១២៨ នៅជិត ភូមិStaromayorskoye ត្រូវបានរារាំង ហើយគ្រាប់បែក Lantset បានបំផ្លាញរថក្រោះ T-72 មួយគ្រឿង នៅជិតតំបន់ Zelyony Gay កាំភ្លើងធំ Gvozdika មួយគ្រឿងនៅជិតទីក្រុង Konstantinovka និងកាំភ្លើងផ្លោង M777 មួយគ្រឿង នៅក្នុងតំបន់Antonovka។