
នៅថ្ងៃចន្ទនេះ សាលារៀននៅក្នុងទីក្រុងប៉េកាំង បានបើកទ្វារឡើងវិញ ក្រោយពេលដែលថ្នាក់រៀនផ្លាស់ទៅរៀនតាមអនឡាញកាលពីសប្តាហ៍មុន ពេលដែលអាកាសធាតុត្រជាក់បានធ្វើឲ្យប៉ះពាល់ដល់តំបន់ជាច្រើននៅទូទាំងប្រទេសចិន ។
នៅថ្ងៃចន្ទនេះ ក្រុមអ្នកព្យាករណ៍អាឧតុនិយមក្នុងស្រុក បានកាត់បន្ថយភាពធ្ងន់ធ្ងរនៃការព្រមានពីអាកាសធាតុត្រជាក់ខ្លាំងសម្រាប់រយៈពេល ២៤ម៉ោងក្រោយ ដោយពួកគេលើកឡើងថា សីតុណ្ហភាពទំនងជាមិនធ្លាក់ចុះបន្ថែមទៀតនោះទេនៅក្នុងទីក្រុងប៉េកាំង ។
ទោះបីជាយ៉ាងណាក៏ដោយ សីតុណ្ហភាពបានធ្លាក់ចុះដល់ដក ១៥,៥អង្សាសេ(-15.5°C)នៅថ្ងៃចន្ទនេះដែលជាសីតុណ្ហភាពធ្លាក់ចុះជិតដល់កម្រិតទាបជាប្រវត្តិសាស្រ្ត ។
លោក ចាង វ័យ ៣០ឆ្នាំ គឺជាពលរដ្ឋមួយរូបរស់នៅក្នុងទីក្រុងប៉េកាំងដែលធ្វើការជាអ្នកពិគ្រោះយោបល់ និយាយថា រដូវរងាឆ្នាំនេះ ពិតជាត្រជាក់ខ្លាំងជាងកាលពីរដូវរងាឆ្នាំមុន ។
ដោយឡែក លោក ចូវ ដែលជាកម្មករវ័យ ២៣ឆ្នាំបម្រើការនៅឧស្សាហកម្មហិរញ្ញវត្ថុ និយាយថា គ្រាន់តែស្លៀកបាក់ខោអាវឲ្យបានក្រាស់ជាងមុន គឺលែងមានបញ្ហាហើយ ។
លោកបន្តថា មាននូវការធ្វើចរាចរណ៍ច្រើននៅលើដងផ្លូវ ហើយមានមនុស្សច្រើនឡើងជិះរថភ្លើងក្រោមដី ។ ហេតុដូច្នេះហើយ លោកត្រូវឆាប់រួសរាន់ចាកចេញពីផ្ទះលឿនជាងមុនបន្តិចជារៀងរាល់ថ្ងៃដើម្បីធ្វើដំណើរ ដើម្បីឲ្យវាកាន់តែងាយស្រួលជាងមុន ។
កាលពីថ្ងៃសុក្រសប្តាហ៍មុន ប្រធានាធិបតីចិនលោក Xi Jinping បានអំពាវនាវឲ្យមានការឆ្លើយតបគ្រាអាសន្នក្នុងកម្រិតអតិបរមាចំពោះស្ថានភាពអាកាសធាតុត្រជាក់ខ្លាំងបែបនេះ ។
ទូរទស្សន៍រដ្ឋ CCTV បានរាយការណ៍កាលពីថ្ងៃអាទិត្យថា សីតុណ្ហភាពនៅតាមតំបន់ជាច្រើនរបស់ប្រទេសចិន រួមទាំងនៅខេត្តសានហ្ស៊ី ហ៊ើប៉ី និងខេត្តលាវនីង បានទទួលរងសីតុណ្ហភាពកម្រិតទាបបំផុត ចាប់តាំងពីអាកាសធាតុធ្លាក់ចុះទាប់ជាប់កំណត់ត្រាចាប់ផ្តើម ៕