ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី ១៤ ខែតុលានេះ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបើកកិច្ចប្រជុំរៀបចំសេចក្តីព្រាងផែនទីចង្អុលផ្លូវ ស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុងបរិបទកូវីដ-19 ។ នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ថោង ខុន មានប្រសាសន៍ថា មកដល់ពេលនេះវិបត្តិកូវីដ គឺនៅតែបន្តបង្កការប៉ះពាល់ ធ្ងន់ធ្ងរដល់វិស័យទេសចរណ៍ ខណៈនៅពេលនេះ ក្រសួង ត្រូវការថវិកាប្រមាណ៣៣លានដុល្លារ អាមេរិកដើម្បីស្តារវិស័យទេសចរណ៍ពីវិបត្តិCOVID-19។
នៅក្នុងដំណើរការអនុវត្តផែនទីចង្អុលផ្លូវ ស្តីពីផែនការស្តារនិងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា នៅក្នុងនិងក្រោយវិបត្តិកូវីដ ឯកឧត្តម ថោង ខុន បានថ្លែងថា ក្រសួងមានផែនការទិសដៅយុទ្ធសាស្ត្រអនុវត្តចំនួន៩ សកម្មភាពយុទ្ធសាស្ត្រ ៤៩ គម្រោងស្តារវិនិយោគធំៗចំនួន១៦ ដែលត្រូវការថវិកាអនុវត្តប្រមាណពី៣១ទៅ៣៣លានដុល្លារ អាមេរិកសម្រាប់អនុវត្តរយៈពេល៥ឆ្នាំ ឆ្នាំ២០២០ ដល់ឆ្នាំ២០២៥។
ឯកឧត្តម បន្តថា នៅក្នុងឆ្នាំ បន្តបន្ទាប់ខាងមុខ ដើម្បីជំរុញទទួលបានកំណើននៃភ្ញៀវអន្តរជាតិចេញដើរទស្សនាកម្សាន្តនៅក្រៅប្រទេសច្រើន គឺយើងមានតែរួមគ្នាអនុវត្តតាមផែនទីចង្អុលផ្លូវ និងអនុវត្តការព្រមព្រៀងតាមគោលការណ៍ Travel Bubble ពោលគឺការនាំភ្ញៀវទេសចរអន្តរជាតិពីតំបន់ដែលសុវត្ថិភាពពីកូវីដ ទៅដើរកម្សាន្តនៅក្នុងតំបន់ទេសចរណ៍ដែលមានសុវត្ថិភាពពីកូវីដ។
ឯកឧត្តម បន្តថា ស្ថានភាពទេសចរណ៍នៅកម្ពុជា នៅក្នុងអំឡុងពេលនេះ គឺមានការពឹងផ្អែកខ្លាំងតែលើភ្ញៀវទេសចរជាតិនិងអន្តរជាតិ ដែលមានស្រាប់នៅក្នុងស្រុក ប៉ុន្តែបើពឹងផ្អែកលើភ្ញៀវទេសចរអន្តរជាតិមកពីក្រៅប្រទេស គឺយើងមិនមាននោះទេ។
ឯកឧត្តម ថោង ខុន បន្តថា សម្រាប់ការធ្វើដំណើរចេញទស្សនាកម្សាន្តនៃភ្ញៀវទេសចរអន្តរជាតិ នៅពេលបច្ចុប្បន្ននេះ គឺបណ្តាប្រទេសនានា នៅតែបន្តអនុវត្តគោលការណ៍ធ្វើចត្តាឡីស័កចំនួន៧ថ្ងៃ ទៅ១៤ថ្ងៃ ដែលបញ្ហានេះវាបង្កការរំខានខ្លាំងធ្វើអោយភ្ញៀវទេសចរអន្តរជាតិមិនចង់ចេញដើរកម្សាន្តនៅក្រៅប្រទេសនោះទេ។
តាមរបាយការណ៍របស់ក្រសួងទេសចរណ៍ មកដល់បច្ចុប្បន្ននេះ វិបត្តិកូវីដ ប៉ះពាល់ដល់ដំណើរការអាជីវកម្មទេសចរណ៍បិទទ្វារសរុប២៤០៥ ទីតាំង និងប៉ះពាល់ ការងារផ្ទាល់ក្នុងវិស័យទេសចរណ៍ សរុបជិត៤ម៉ឺននាក់ស្មើនឹង ៣៥%៕
អត្ថបទ ៖ ស៊ុម សុខជា








