
ក្រសួងការបរទេសចិន នៅថ្ងៃចន្ទ (ទី១៨ ខែធ្នូ) នេះ បាននិយាយថា ប្រទេសចិននឹងចាត់វិធានការយ៉ាង «ម៉ឺងម៉ាត់ និងខ្លាំងក្លា ដើម្បីការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី» ហើយបានតវ៉ាជាផ្លូវការជាមួយសហរដ្ឋអាមេរិក ជុំវិញការលក់អាវុធទៅឲ្យកោះតៃវ៉ាន់។
អំឡុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានប្រាប់អ្នកសារព័ត៌មានថា ក្រុងប៉េកាំងក៏នឹងចាត់វិធានការប្រឆាំងនឹងបណ្ដាសហគ្រាសពាក់ព័ន្ធ ដែលជាប់ទាក់នឹងការលក់អាវុធនេះទៅឲ្យកោះតៃវ៉ាន់ផងដែរ។
កាលពីថ្ងៃសុក្រ (ទី១៥ ខែធ្នូ) មន្ទីរបញ្ចកោណ បាននិយាយថា ក្រសួងការបរទេសសហរដ្ឋអាមេរិក បានអនុម័តការលក់ឧបករណ៍តម្លៃ ៣០០លានដុល្លារ ដើម្បីបន្តជួយលើកកម្ពស់ប្រព័ន្ធព័ត៌មានយុទ្ធសាស្ត្ររបស់កោះតៃវ៉ាន់ ដែលជាជំនួយចុងក្រោយបំផុតរបស់សហរដ្ឋអាមេរិក សម្រាប់មត្ថភាពការពាររបស់កោះនេះ។
សហរដ្ឋអាមេរិកត្រូវបានកំណត់ដោយច្បាប់ ក្នុងការជួយគាំទ្រដល់កោះតៃវ៉ាន់ ដែលចិនអះអាងថា ជាទឹកដីរបស់ខ្លួន ជាមួយនឹងមធ្យោបាយការពារ ខណៈដែលការលក់អាវុធ គឺជាប្រភពនៃភាពតានតឹង ដែលកើតឡើងជាញឹកញាប់ រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង៕