ភ្នំពេញ ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ បានលើកទឹកចិត្ត ឲ្យពលរដ្ឋចូលរួម ប្រកាន់ខ្ជាប់នូវការរស់នៅជាមួយភាពស្អាត មានអនាម័យល្អ ដើម្បីភាពរីករាយ សុខភាពល្អ និងបង្កើតសុភមង្គល សម្រាប់គ្រួសារមាន ក៏ដូចជាសង្គមរបស់យើង។ ការថ្លែងនេះ ធ្វើឡើងក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីផែនការសកម្មភាពចុះត្រួតពិនិត្យការអនុវត្ត តួនាទី ភារកិច្ច និងមុខងាររបស់ការរិយាល័យចំណុះអង្គភាពក្រោមឱវាទក្រសួងបរិស្ថាន។
ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តីបន្តថ្លែងរំលឹកអំពីស្មារតីស្អាតរបស់ មនុស្សគ្រប់ៗរូប ដែលត្រូវតែមានការ គិតគូរពីហានិភ័យបរិស្ថាននានា ដែលតែងតែកើតមាន មកលើសង្គមមនុស្ស និង ជួយដាស់តឿន ដល់សហគមន៍ជាតិ ប្រជាពលរដ្ឋទាំងអស់ យកចិត្តទុកដាក់ពីភាពស្អាត ដើម្បីផលប្រយោជន៍មនុស្សគ្រប់រូប គ្រួសារនីមួយៗ និងសេដ្ឋកិច្ច-សង្គមជាតិយើងទាំងមូល។
ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត គូសបញ្ជាក់ថា ប្រសិនបើប្រជាពលរដ្ឋយើង ១៧លាននាក់ បានជ្រួតជ្រាប និងចូលរួមយុទ្ធនាការ កាត់បន្ថយប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើប្លាស្ទិកទេ» ជំរុញឲ្យមន្រ្តីបន្តប្រឹងប្រែងផ្សព្វផ្សាយ កសាងសង្គមមួយស្អាតនៅកម្ពុជា ស្អាតផ្តើមពីសិស្ស និងលោកគ្រូអ្នកគ្រូ នៅតាមសាលារៀន មួយជំហានម្តងៗ ឆ្ពោះទៅមូលដ្ឋានស្អាត សង្គមយើងស្អាត ដែលភាពស្អាតនឹងចេញពីបេះដូង ហើយបន្តទៅកូនចៅជំនាន់ក្រោយស្អាត ហើយភាពស្អាតនេះ ជាមោទកភាពរបស់កម្ពុជា នៅក្នុងពិភពលោក សម្រាប់មនុស្សជាតិទូទៅ ជាពិសេសនាំនាវាកម្ពុជា ជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០៕ អត្ថបទ៖ទូច សោភ័ណ





