
នៅថ្ងៃចន្ទនេះ រដ្ឋមន្រ្តីក្រសួងការពារជាតិសហរដ្ឋអាមេរិកលោក Lloyd Austin បានធ្វើដំណើរមកដល់ប្រទេសអ៊ីស្រាអែល សម្រាប់កិច្ចប្រជុំដែលគេរំពឹងថានឹងផ្តោតសំខាន់លើការបញ្ចប់ជាយថាហេតុសង្រ្គាមដ៏ខ្លាំងក្លារបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សា ហើយនិងការផ្លាស់ប្តូរទៅជាជម្លោះផ្តោតសំខាន់ និងមានដែនកំណត់ជាងមុន ។
គេរំពឹងផងដែរថា លោក Austin នឹងពិភាក្សាលើផែនការរបស់អ៊ីស្រាអែលសម្រាប់ការផ្លាស់ប្តូរទៅកាន់ដំណាក់កាលបន្ទាប់នៃសង្រ្គាម អំឡុងជំនួបជាមួយក្រុមមេដឹកនាំជាន់ខ្ពស់អ៊ីស្រាអែល ដែលរួមទាំងលោកនាយករដ្ឋមន្រ្តី Benjamin Netanyahu និងរដ្ឋមន្រ្តីការពារជាតិអ៊ីស្រាអែលលោក Yoav Gallant ។
នៅក្នុងសញ្ញាមួយដែលការផ្តោតកាន់តែខ្លាំងរបស់រដ្ឋបាលលោកប្រធានាធិបតី Joe Bidenលើជម្លោះអ៊ីស្រាអែល-ក្រុមហាម៉ាស់ លោក Austin ត្រូវបានអមដំណើរនៅអ៊ីស្រាអែលដោយប្រធានអគ្គនាយសេនាធិការចម្រុះយោធាសហរដ្ឋអាមេរិក និងជាឧត្តមសេនីយ៍កងទ័ពអាកាសលោក Charles Brown ។
ប្រធានមន្ទីរបច្ចកោណរូបនេះ បានធ្វើដំណើរទៅកាន់រដ្ឋអារ៉ាប់គុយវែត ដើម្បីចូលរួមរំលែកទុក្ខការចូលសោយទីវង្គតរបស់ព្រះមហាក្សត្រ Sheikh Nawaf al-Ahmad al-Sabah ដែលបានបញ្ចុះកាលពីថ្ងៃអាទិត្យ ។
លោក Austinបានធ្វើដំណើរមកដល់គុយវែតកាលពីល្ងាចថ្ងៃអាទិត្យ ជាទីដែលលោកបានជួបពិភាក្សាការងារជាមួយរដ្ឋមន្រ្តីគុយវែតលោក Sheikh Salem Abdallah al-Sabah និងរដ្ឋមន្រ្តីការពារជាតិលោក Sheikh Ahmed al-Fahad al-Sabah ៕