
ហេតុការណ៍ផ្ទុះរោងចក្រផលិតគ្រឿងផ្ទុះ បានសម្លាប់មនុស្សយ៉ាងហោច ៩នាក់ នៅទីក្រុងភាគខាងលិច Nagpur រដ្ឋ Maharashtra ប្រទេសឥណ្ឌាកាលពីថ្ងៃអាទិត្យ ។
លោក Ashish Srivastava គឺជាអ្នកគ្រប់គ្រងជាន់ខ្ពស់មួយរូបរបស់ក្រុមហ៊ុន និយាយថា ហេតុការណ៍ផ្ទុះនេះ បានកើតឡើងនៅពេលព្រឹក អំឡុងត្រងតាមទម្លាប់វត្ថុធាតុដើមសម្រាប់គ្រឿងផ្ទុះ ។
លោកបន្តថា មនុស្សនៅក្នុងអគារត្រូវបានជម្លៀសចេញ ក្រោយឧបទ្ទេវហេតុកើតឡើង ហើយជនរងគ្រោះ ត្រូវបាននាំទៅកាន់មន្ទីរពេទ្យបង្អែក ។
ការតវ៉ា បានផ្ទុះឡើងនៅក្រៅរោងចក្រ ជាកន្លែងដែលអ្នកស្រុករួមទាំងសមាជិកក្រុមគ្រួសារ និងអ្នកស្គាល់ជនរងគ្រោះ បានស្រែកពាក្យស្លោកប្រឆាំងនឹងឧស្សាហកម្មគ្រឿងផ្ទុះ ហើយកងកម្លាំងសន្តិសុខយ៉ាងច្រើន ត្រូវបានដាក់ពង្រាយដើម្បីគ្រប់គ្រងហ្វូងមនុស្ស ។
សូមបញ្ជាក់ថា ឧបទ្ទេវហេតុបែបនេះ គ្មានអ្វីចម្លែកនោះទេនៅក្នុងប្រទេសឥណ្ឌា ហើយគេតែងតែដាក់ការស្តីបន្ទោសជាញឹកញាប់លើមនុស្សដែលមិនគោរពបទដ្ឋានសុវត្ថិភាព និងការត្រួតពិនិត្យធូររលុងដោយក្រុមមន្រ្តីរដ្ឋាភិបាល ៕