
ក្រសួងការបរទេសចិន នៅថ្ងៃចន្ទ (ទី១៨ ខែធ្នូ) បានឲ្យដឹងថា នាយករដ្ឋមន្រ្តីរុស្ស៊ីលោក Mikhail Mishustin នឹងជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីចិន លោក Li Qiang អំឡុងទស្សនកិច្ចនៅថ្ងៃទី១៩-២០ ខែធ្នូ។ ហើយជាមួយគ្នានេះ រដ្ឋាភិបាលរុស្ស៊ី បានប្រកាសនៅថ្ងៃចន្ទនេះដែរថា លោក Mishustin នឹងជួបជាមួយប្រធានាធិបតីចិន លោក Xi Jinping (ស៊ី ជីនពីង)។
ចិន និងរុស្ស៊ីបានបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការទូត ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយមានទំនាក់ទំនងកាន់តែជិតស្និតឡើងៗ ចាប់តាំងពីមានការលុកលុយរបស់ទីក្រុងមូស្គូលើអ៊ុយក្រែន ទោះបីជាមានការទទូចរបស់ទីក្រុងប៉េកាំងថា ខ្លួនមានអព្យាក្រឹតភាព ក្នុងជម្លោះនេះក៏ដោយ។
គួរបញ្ជាក់ដែរថា អំឡុងដំណើរទស្សនកិច្ចចុងក្រោយរបស់លោកនាយករដ្ឋមន្ត្រីរុស្សីទៅកាន់ប្រទេសចិន កាលពីខែឧសភា លោក Mishustin និងលោក Li បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាមួយចំនួន ដែលរួមមានកិច្ចព្រមព្រៀងក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការវិនិយោគ ក្នុងសេវាកម្មពាណិជ្ជកម្ម កិច្ចព្រមព្រៀងស្តីពីការនាំចេញផលិតផលកសិកម្មទៅកាន់ប្រទេសចិន និងមួយទៀតស្តីពីកិច្ចសហប្រតិបត្តិការផ្នែកកីឡា។
ការវិលត្រឡប់របស់លោកទៅកាន់ប្រទេសចិននេះ ធ្វើឡើងរយៈពេល ២ខែបន្ទាប់ពីប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានធ្វើដំណើរដ៏កម្រមួយចេញក្រៅប្រទេសរុស្ស៊ី ដើម្បីជួបជាមួយលោក ស៊ី និងមួយខែបន្ទាប់ពីឧត្តមសេនីយ៍ចិនជាន់ខ្ពស់មួយរូប ត្រូវបានស្វគមន៍នៅទីក្រុងមូស្គូ៕