
ប្រភពប៉ាឡេស្ទីន បានប្រាប់សារព័ត៌មានស៊ីនហួ កាលពីថ្ងៃអាទិត្យថា ប្រទេសកាតា បានបង្ហាញសំណើថ្មីដើម្បីបន្តកិច្ចព្រមព្រៀងដោះលែងចំណាប់ថ្នូររវាងអ៊ីស្រាអែល និងចលនាតស៊ូអ៊ីស្លាម (ហាម៉ាស) ក្នុងការជួយសម្រួលដល់បទឈប់បាញ់ នៅតំបន់ហ្កាហ្សាស្ទ្រីប។
ប្រភពបាននិយាយក្នុងលក្ខខណ្ឌអនាមិកថា គណៈប្រតិភូជាន់ខ្ពស់កាតា បាននិងកំពុងពិភាក្សាលើសំណើជាមួយមន្ត្រីអ៊ីស្រាអែល នៅក្នុងកិច្ចប្រជុំដែលមិនប្រកាស ត្រូវធ្វើឡើង នៅប្រទេសន័រវែស ចាប់តាំងពីថ្ងៃសៅរ៍មក ដោយបានបញ្ជាក់ថា កិច្ចពិភាក្សានេះគឺ «ត្រូវបានធ្វើឡើងយ៉ាងហ្មត់ចត់» ។
ប្រភពដដែល បានឲ្យដឹងថា៖«នៅក្នុងការសម្របសម្រួលជាមួយអេហ្ស៊ីប ប្រទេសកាតា កំពុងស្វែងរកការស្តារឡើងវិញនូវកិច្ចព្រមព្រៀងដោះដូរចំណាប់ថ្នូររវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ក្នុងគោលបំណងឈានដល់ការព្រមព្រៀងថ្មីសម្រាប់បទឈប់បាញ់មនុស្សធម៌ នៅតំបន់ហ្កាហ្សា»។
ប្រភពនោះ បានបន្ថែមទៀតថា កិច្ចពិភាក្សា បានផ្តោតទៅលើការដោះលែងចំណាប់ថ្នូរអ៊ីស្រាអែល ដែលនៅសេសសល់ ដែលត្រូវបានចាប់ខ្លួនដោយក្រុមហាម៉ាស ជាថ្នូរនឹងបទឈប់បាញ់មនុស្សធម៌ជាច្រើនថ្ងៃនៅតំបន់ហ្កាហ្សា ក៏ដូចជាការដោះលែងអ្នកទោសប៉ាឡេស្ទីនពីអ៊ីស្រាអែលដែរ។
យោងតាមប្រភពបានឲ្យដឹងថា ប្រទេសកាតា កំពុងស្វែងរកការដោះលែងមន្ត្រីជាន់ខ្ពស់អ៊ីស្រាអែលបីរូប ជាថ្នូរនឹងការដោះលែងអ្នកទោសប៉ាឡេស្ទីនជាច្រើននាក់ ដែលកំពុងជាប់ពន្ធនាគារអស់មួយជីវិត នៅក្នុងពន្ធនាគារអ៊ីស្រាអែល។