
នៅថ្ងៃចន្ទនេះ ប្រជាពលរដ្ឋកូរ៉េខាងត្បូង បានបង្ហាញក្តីបារម្ភរបស់ពួកគេ ក្រោយសីតុណ្ហភាពនៅក្នុងទីក្រុងសេអ៊ូល បានធ្លាក់ចុះក្នុងការប្រែប្រួលយ៉ាងឆាប់រហ័សមិននឹកស្មានដល់ ។
នាង Lee Seo-hyun គឺជានិស្សិតបញ្ចប់ការសិក្សាមួយរូបមកពីតំបន់ភាគកណ្តាលទីក្រុងសេអ៊ូលជាទីដែលគេមើលឃើញអ្នកដំណើរស្លៀកពាក់ខោអាវក្រាស់ៗ និងស្រោមដៃវែងៗ និយាយថា ទើបតែសប្តាហ៍មុន ខ្ញុំស្លៀកពាក់សម្លៀកបំពាក់ខ្លីៗ ស្រាប់តែភ្លាមៗត្រឹមរយៈពេល ១ថ្ងៃសោះ វាប្រែជាត្រជាក់ខ្លាំងបែបនេះទៅវិញ ។
យោងតាមរដ្ឋបាលឧតុនិយមកូរ៉េ បានឲ្យដឹងថា សីតុណ្ហភាពនៅទីក្រុងសេអ៊ូល បានធ្លាក់ចុះដល់ដក ១២,២អង្សាសេ(-12.5°C)នៅថ្ងៃចន្ទនេះ ហើយត្រូវបានគេព្យាករណ៍ថា នឹងធ្លាក់ចុះមកនៅដក ៧អង្សាសេ(-7°C)នៅថ្ងៃអង្គារ ។
យោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង Yonhap បានឲ្យដឹងថា ទីក្រុងសេអ៊ូល សីតុណ្ហភាពកើនឡើងដល់ ១៦,៨អង្សាសេកាលពីថ្ងៃទី ៨ ខែធ្នូ ដែលជាសីតុណ្ហភាពខ្ពស់បំផុតទី២ រកឃើញក្នុងខែធ្នូ ចាប់តាំងពីឆ្នាំ ១៩៦៨រហូតមក ៕