
មន្ត្រីយោធា នៅថ្ងៃចន្ទ (ទី១៨ ខែធ្នូ) នេះ បានឲ្យដឹងថា ទាហានថៃបានសម្លាប់ជនសង្ស័យរត់ពន្ធគ្រឿងញៀន ១៥នាក់ នៅក្នុងការបាញ់ប្រហារមួយ នៅតំបន់ដាច់ស្រយាលភាគខាងជើង ក្បែរព្រំដែនសហភាពមីយ៉ាន់ម៉ា ។
ការប៉ះទង្គិចគ្នា កាលពីល្ងាចថ្ងៃសៅរ៍ (ទី១៦ ខែធ្នូ) បានកើតឡើងនៅក្នុងស្រុក Mae Fah Luang ខេត្ត Chiang Rai ជិតតំបន់ត្រីកោណមាស ដែលប្រទេសថៃ មីយ៉ាន់ម៉ា និងឡាវ ប្រសព្វគ្នា ពោលគឺជាទីកន្លែងស្នូល សម្រាប់ការរត់ពន្ធ តាំងពីយូរយារណាស់មកហើយ។
មន្ត្រីកងទ័ព បានប្រាប់សារព័ត៌មាន AFP ថា បន្ទាប់ពីការប៉ះទង្គិចគ្នានោះ មន្ត្រីបានរកឃើញកាបូបចំនួន ១៧ ដែលមានផ្ទុកថ្នាំញៀនប្រភេទអំហ្វេតាមីនជាង ២លានគ្រាប់។ មន្ត្រីរូបនោះបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា៖ «យើងមិនទាន់អាចកំណត់អត្តសញ្ញាណបានទេថា តើអ្នកទាំង ១៥នាក់នោះ សុទ្ធតែជាជនជាតិថៃ ឬក៏យ៉ាងណា។
សហភាពមីយ៉ាន់ម៉ា គឺជាមជ្ឈមណ្ឌលផលិតថ្នាំញៀនប្រភេទអំហ្វេតាមីនខុសច្បាប់ដ៏ធំ ដែលភាគច្រើនត្រូវបានដឹកជញ្ជូនឆ្លងកាត់ប្រទេសថៃ និងឡាវ។ ហើយការបាញ់ប្រហារ ដែលបណ្ដាលឲ្យមានអ្នកស្លាប់ រវាងទាហានល្បាតព្រំដែន និងអ្នករត់ពន្ធគ្រឿងញៀន ក៏មិនមែនជារឿងចម្លែកនោះដែរ នៅតំបន់ព្រៃភ្នំ តាមបណ្តោយព្រំដែនភាគខាងជើងប្រទេសថៃ ជាមួយប្រទេសមីយ៉ាន់ម៉ា៕