
អ៊ីស្រាអែល បាននិយាយកាលពីថ្ងៃអាទិត្យថា ខ្លួនបានវាយប្រហារទៅទៅទីតាំងបាញ់បង្ហោះអាវុធ និងគ្រឿងបរិក្ខារ ដែលជាកម្មសិទ្ធិរបស់ក្រុមហេសបូឡា ក្នុងប្រទេសលីបង់ ក្នុងការឆ្លើយតបទៅនឹងការបាញ់ឆ្លងព្រំដែន ខណៈដែលក្រុមគាំទ្រដោយអ៊ីរ៉ង់ បាននិយាយថា ខ្លួនបានវាយប្រហារទៅលើគោលដៅរបស់កងទ័ពអ៊ីស្រាអែល។
យុទ្ធជនអ៊ីស្រាអែល និងក្រុមហេសបូឡា បានបាញ់គ្នា នៅតាមព្រំដែនស្ទើរតែរាល់ថ្ងៃ ចាប់តាំងពីសង្រ្គាមនៅតំបន់ហ្កាហ្សា បានផ្ទុះឡើងជាងពីរខែកន្លងទៅ ដែលជាអរិភាពដ៏អាក្រក់បំផុត ចាប់តាំងពីជម្លោះឆ្នាំ ២០០៦។
អំពើហិង្សា ដែលភាគច្រើនត្រូវបានទប់ជាប់នៅត្រឹមតំបន់ព្រំដែន បានសម្លាប់មនុស្សជាង ១៣០ នាក់នៅក្នុងប្រទេសលីបង់ រួមទាំងយុទ្ធជនហេសបូឡា ៩៤ នាក់ និងជនស៊ីវិល១៧នាក់។ នៅក្នុងប្រទេសអ៊ីស្រាអែល អរិភាពនេះ បានសម្លាប់ទាហាន ៨នាក់ និងជនស៊ីវិល ៤នាក់។
យោធាអ៊ីស្រាអែល បាននិយាយថា ខ្លួនបានឆ្លើយតបទៅនឹងការវាយប្រហាររបស់ក្រុមហេសបូឡា ដោយប្រើកាំភ្លើងធំ រថក្រោះ និងការវាយប្រហារតាមអាកាសទៅលើទីតាំងដែលបានវាយប្រហារចេញមកនោះ គឺប៉ុស្តិ៍សង្កេតការណ៍របស់ក្រុមលីបង់ និងអ្វីដែលគេហៅថា «ក្រុមភេរវករ»។