
ទូរទស្សន៍រដ្ឋអ៊ីរ៉ង់ និងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់អ៊ីស្រាអែល បានរាយការណ៍ថា ក្រុមអ្នកលួចចូលមើលទិន្នន័យ ដែលអ៊ីរ៉ង់ចោទប្រកាន់ថា មានទំនាក់ទំនងជាមួយអ៊ីស្រាអែល បានអះអាងថា ខ្លួនបានធ្វើការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត ដែលបានរំខានដល់សេវាកម្ម នៅតាមស្ថានីយប្រេងឥន្ធនៈ នៅទូទាំងប្រទេសអ៊ីរ៉ង់ នៅថ្ងៃចន្ទ (ទី១៨ ខែធ្នូ) នេះ។
រដ្ឋមន្ត្រីក្រសួងប្រេងលោក Javad Owji មុននេះ បានប្រាប់ទូរទស្សន៍រដ្ឋអ៊ីរ៉ង់ថា សេវាកម្មត្រូវបានរំខាន ប្រហែល ៧០ភាគរយនៃស្ថានីយប្រេងសាំងរបស់អ៊ីរ៉ង់ ហើយការជ្រៀតជ្រែកពីខាងក្រៅ គឺជាមូលហេតុដែលអាចទៅរួច។ ព័ត៌មានទូរទស្សន៍រដ្ឋរបស់អ៊ីរ៉ង់ បានឲ្យដឹងថា ក្រុម Predatory Sparrow បានអះអាងថា ខ្លួននៅពីក្រោយការរំខាននេះ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់អ៊ីស្រាអែល ក៏បានរាយការណ៍ពីការអះអាងនេះផងដែរ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ បានឲ្យដឹងថា ក្រុម Predatory Sparrow បានប្រាប់នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា៖ «ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតនេះ ត្រូវបានធ្វើឡើងតាមវិធី ដែលត្រូវបានគ្រប់គ្រង ដើម្បីជៀសវាងការខូចខាត ដែលអាចកើតមាន ចំពោះសេវាកម្មសង្គ្រោះបន្ទាន់»។
ទីភ្នាក់ងារការពារជនស៊ីវិលរបស់អ៊ីរ៉ង់ ដែលទទួលខុសត្រូវលើសន្តិសុខអ៊ីនធឺណិតរបស់ប្រទេសនេះ បាននិយាយថា ខ្លួននៅតែពិចារណាពីមូលហេតុ ដែលអាចទៅរួចទាំងអស់ សម្រាប់ការរំខាននេះ ខណៈដែលខ្លួនបានធ្វើការស៊ើបអង្កេត។ ហើយប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ បានបន្ថែមថា បណ្ដាក្រុមអ្នកលួចចូលមើលទិន្នន័យ ធ្លាប់បានអះអាងពីការវាយប្រហារតាមអ៊ីនធឺណិតប្រឆាំងនឹងស្ថានីយប្រេងឥន្ធនៈអ៊ីរ៉ង់ បណ្តាញផ្លូវដែក និងរោងចក្រដែក៕