
សាលារៀនអន្តរជាតិជាច្រើន ក្នុងប្រទេសអេស្ប៉ាញ ត្រូវបាននគរបាលត្រួតពិនិត្យដោយសត្វសុនខហិតក្លិន ខណៈដែលសាលាផ្សេងទៀត មិនបានបើកដំណើរការនោះទេ នៅថ្ងៃចន្ទ (ទី១៨ ខែធ្នូ) នេះ បន្ទាប់ពីទទួលបានការគំរាមកំហែងបំផ្ទុះគ្រាប់ តាមរយៈសារអេឡិកត្រូនិក (អ៊ីម៉ែល) ដែលក្រសួងមហាផ្ទៃ បាននិយាយថា ជាការបោកបញ្ឆោត។
ប្រភពពីនគរបាលក្នុងទីក្រុង Zaragoza បានបញ្ជាក់ថា សាលាអន្តរជាតិចំនួន៤ ក្នុងទីក្រុង បានទទួលការគំរាមកំហែង ហើយសាលាបារាំង Lycee Molier មិនបានបើកនោះទេ នៅថ្ងៃចន្ទនេះ។ យ៉ាងហោចណាស់សាលារៀន ៣ផ្សេងទៀត ដែលគ្រប់គ្រងដោយអង់គ្លេស នៅទីក្រុងម៉ាឌ្រីដ បានប្រាប់សារព័ត៌មាន Reuters ថា ពួកគេបានទទួលការគំរាមកំហែងស្រដៀងគ្នា កាលពីសប្តាហ៍មុន ឬនៅថ្ងៃចន្ទនេះ។
រដ្ឋាភិបាលក្នុងតំបន់បានបញ្ជាក់ថា យ៉ាងហោចណាស់សាលាអន្តរជាតិចំនួន២ នៅទីក្រុង Tenerife គឺសាលាភាសាបារាំង និងសាលាអាល្លឺម៉ង់ ក៏បានទទួលការគំរាមកំហែងដែរ ហើយបានបិទទ្ធារ នៅថ្ងៃចន្ទនេះ។ សារព័ត៌មាន El Mundo បានរាយការណ៍ថា សាលារៀន សរុបចំនួន១៨ នៅទីក្រុង Pontevedra, Tenerife, Zaragoza, Reus, Tarragona, Villareal និង Castellon បានទទួលការគំរាមកំហែងតាមអ៊ីម៉ែល។
ប្រភពពីសាលាមួយ បានប្រាប់សារព័ត៌មាន Reuters ថា អ៊ីម៉ែលមិនបានបញ្ជាក់ពីហេតុផល សម្រាប់ការចេញការគំរាមកំហែងនោះទេ។ រីឯប្រភពពីសាលាមួយផ្សេងទៀត បានឲ្យដឹងថា អ៊ីម៉ែលខ្លីបំផុត បានសំដៅលើគ្រឿងផ្ទុះ ដែលបង្កប់ទុកនៅក្នុងគ្រឹះស្ថាន ដោយមិនបង្ហាញពីការទទួលខុសត្រូវ ចំពោះក្រុមណាមួយ ឬផ្តល់ហេតុផលណាមួយ សម្រាប់សកម្មភាពនេះនោះទេ៕