ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍កាលពីថ្ងៃអង្គារទី ១៩ ខែធ្នូ នេះ ថាមនុស្សយ៉ាងហោចណាស់១១១ នាក់បានស្លាប់នៅពេលរញ្ជួយដីបានផ្ដួលរលំអគារជាច្រើននៅភាគពាយព្យរបស់ប្រទេសចិន ខណៈក្រុមអ្នកជួយសង្គ្រោះបានប្រជែងពេលវេលា ចាប់ផ្តើមជីកកកាយកម្ទេចថ្មបែកបាក់។

ទូរទស្សន៍រដ្ឋ CCTV បាននិយាយដោយដកស្រង់ពីទីស្នាក់ការកណ្តាលសម្រាប់ការសង្គ្រោះគ្រោះរញ្ជួយដីរបស់ខេត្តនេះ ថា មនុស្សប្រហែល ១០០ នាក់បានស្លាប់ និងជាច្រើននាក់ទៀតបានរងរបួសនៅក្នុងខេត្តកានស៊ូ (Gansu) បន្ទាប់ពីមានការរញ្ជួយដ៏ខ្លាំងក្លា និងកម្រិតរញ្ជួយរាក់
យោងតាមទូរទស្សន៍ CCTV មនុស្ស ១១ នាក់ផ្សេងទៀតបានស្លាប់ និង១០០ នាក់ផ្សេងទៀតរងរបួសនៅក្នុងទីក្រុងហៃទុង (Haidong) នៃខេត្តជិតខាង ឈីងហៃ ( Qinghai)។
ទីភ្នាក់ងារព័ត៌មានរដ្ឋ ស៊ីនហួ (Xinhua) បាននិយាយថា គ្រោះរញ្ជួយដីនេះបានបណ្តាលឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរ រួមទាំងលំនៅឋានដួលរលំ ហើយបានបញ្ជូនមនុស្ស ដែលរត់ចូលទៅកាន់តាមដងផ្លូវនានា ដើម្បីសុវត្ថិភាព។
ការងារជួយសង្គ្រោះកំពុងដំណើរការនៅព្រឹកថ្ងៃអង្គារនេះ ដោយលោកប្រធានាធិបតីចិន Xi Jinping បានអំពាវនាវឱ្យមាន កិច្ចខិតខំប្រឹងប្រែងអស់ពីលទ្ធភាព ក្នុងការងារស្វែងរក និងសង្គ្រោះ ក៏ដូចជាធានាសុវត្ថិភាពរបស់អ្នករស់រានមានជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ។

គ្រោះរញ្ជួយដី ដែលមជ្ឈមណ្ឌលភូគព្ភសាស្ត្រអាមេរិក និយាយថា មានកម្រិត ៥.៩រ៉ិចទ័រ បានវាយប្រហារនៅខេត្តកានស៊ូ ក្បែរព្រំដែនជាមួយទីក្រុងឈីងហៃ របស់ខេត្ត ហៃទុង។ ចំណុចកណ្តាលនៃការរញ្ជួយដីមានចម្ងាយប្រហែល ១០០ គីឡូម៉ែត្រភាគនិរតីនៃរដ្ឋធានីឡានចូវ ( Lanzhou )នៃខេត្ត កានស៊ូ ។ រលករញ្ជួយតូចៗជាច្រើន បានកើតឡើងបន្ទាប់ពីការរញ្ជួយដីដំបូង។
ចំណែកទីភ្នាក់ងារសារព័ត៌មានស៊ីនហួរបានរាយការណ៍ពីការរញ្ជួយដីនៅក្នុងទីក្រុង ស៊ីអាន Xi'an ក្នុងខេត្តសានស៊ី ( Shaanxi) ភាគខាងជើងចម្ងាយប្រហែល ៥៧០ គីឡូម៉ែត្រ ដែលមានកម្រិត ៦,២រ៉ិចទ័រ៕
