រដ្ឋមន្ត្រីការពារជាតិរបស់អ៊ីស្រាអែល បាននិយាយកាលពីថ្ងៃច័ន្ទ (១៨ ធ្នូ) ថាអ៊ីស្រាអែល នឹងផ្លាស់ប្តូរជាបណ្តើរៗទៅកាន់ដំណាក់កាលបន្ទាប់នៃប្រតិបត្តិការនៅតំបន់ហ្កាហ្សា បន្ទាប់ពីកិច្ចពិភាក្សាជាមួយរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ឡយដ៍ អស្ទីន (Lloyd Austin) អំពីការប្រយុទ្ធដែលមានកម្រិតទាប និងវិធីកាត់បន្ថយគ្រោះថ្នាក់ដល់ជនស៊ីវិល។

រដ្ឋមន្ត្រីការពារជាតិ លោក យ៉ាវ ហ្កាឡាន់ (Yoav Gallant) បាននិយាយថា ប្រជាជនក្នុងតំបន់ទំនងជាអាចត្រឡប់ទៅភាគខាងជើងហ្កាហ្សា ដែលជាតំបន់មានប្រជាជនច្រើនជាងគេបំផុតនៃតំបន់ហ៊ុមព័ទ្ធមេឌីទែរ៉ាណេ មុនពេលការលុកលុយរបស់អ៊ីស្រាអែល ក្នុងការសងសឹកចំពោះការវាយប្រហាររបស់ក្រុមសកម្មប្រយុទ្ធហាម៉ាស កាលពីថ្ងៃទី០៧ ខែតុលា។

លោក អស្ទីន និងលោក ហ្កាឡាន់ មិនបានផ្តល់ពេលវេលាសម្រាប់ការផ្លាស់ប្តូរទៅរកអ្វីដែលលោក អស្ទីន ហៅថា «ប្រតិបត្តិការកាត់បន្ថយគ្រោះថ្នាក់ដល់ជនស៊ីវិល» នោះទេ។ ភាគច្រើននៃអ្នកស្រុកភាគខាងជើងនៃតំបន់ហ្កាហ្សា បានធ្វើតាមការណែនាំរបស់អ៊ីស្រាអែល ក្នុងការជម្លៀសខ្លួនទៅភាគខាងត្បូង ជាទីដែលយោធាប្រាប់ប្រជាជនឱ្យបន្តជម្លៀសជាប្រចាំ ស្របពេលមានការវាយប្រហារតាមអាកាស និងការប្រយុទ្ធគ្នាដោយកាំភ្លើងជាមួយអ្នកប្រយុទ្ធមកពីក្រុមអ៊ីស្លាមនិយមមួយនេះ។

សម្ពាធអន្តរជាតិសម្រាប់បទឈប់បាញ់បានកើនឡើងយ៉ាងខ្លាំងលើអ៊ីស្រាអែល ជុំវិញការស្លាប់ជនស៊ីវិលជាង ១៩.០០០នាក់ ដែលបណ្តាលមកពីយុទ្ធនាការទម្លាក់គ្រាប់បែកដ៏បង្ហូរឈាម និងសង្រ្គាមជើងគោកក្នុងគោលបំណងបំផ្លាញក្រុមហាម៉ាស ដែលគ្រប់គ្រងតំបន់ហ្កាហ្សា និងប្រយុទ្ធតាមបែបទ័ពព្រៃពីបណ្តាញផ្លូវរូងក្រោមដីក្នុងទីក្រុងនេះ៕
