រដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី (Wang Yi) បានជួបពិភាក្សាជាមួយមន្ត្រីជាន់ខ្ពស់កូរ៉េខាងជើងនៅទីក្រុងប៉េកាំង កាលពីថ្ងៃច័ន្ទ (១៨ ធ្នូ) ស្របពេលដែលទីក្រុងព្យុងយ៉ាង បានបាញ់មីស៊ីលដែលមានសមត្ថភាពទៅដល់គ្រប់ទីកន្លែងក្នុងសហរដ្ឋអាមេរិក។

ប្រទេសចិនតែងតែចាត់ទុកទំនាក់ទំនងរបស់ខ្លួនជាមួយកូរ៉េខាងជើងតាមទស្សនៈយុទ្ធសាស្ត្រ និងរយៈពេលវែង នេះបើយោងតាមក្រសួងការបរទេសបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដោយដកស្រង់ប្រសាសន៍របស់លោក វ៉ាង ក្នុងជំនួបជាមួយអនុរដ្ឋមន្ត្រីក្រសួងការបរទេសកូរ៉េខាងជើង លោក ផាក យ៉ុងហូ (Pak Myong Ho)។

លោក វ៉ាង បានបន្ថែមថា ទីក្រុងប៉េកាំងមានឆន្ទៈក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី និងការសម្របសម្រួល ខណៈពេលដែលធ្វើឱ្យការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ។ លោក វ៉ាង និងលោក ផាក បានផ្លាស់ប្តូរទស្សនៈលើបញ្ហានៃ «ក្តីបារម្ភរួម» ដែលក្រសួងមិនបានបកស្រាយលម្អិត។

កូរ៉េខាងជើងជាសម្ព័ន្ធមិត្តផ្លូវការតែមួយគត់របស់ចិន។ ប្រទេសទាំងពីរត្រូវបានចងភ្ជាប់ដោយសន្ធិសញ្ញាដែលបានចុះហត្ថលេខានៅឆ្នាំ១៩៦១ ដើម្បីចាត់វិធានការចាំបាច់ទាំងអស់ រួមទាំងជំនួយផ្នែកយោធា ដើម្បីជួយគ្នាទៅវិញទៅមកក្នុងករណីមានការវាយប្រហារឬការប៉ុនប៉ងវាយប្រហារដោយប្រទេសទីបី៕
