នៅពេលនេះក្រសួងមហាផ្ទៃ បានប្រកាសនឹងអនុវត្តសាកល្បងប្រើប្រាស់ប្រព័ន្ធអេត្រូនិចសលាកបត្រចូលកម្ពុជា មុនពេលមកដល់។ តាមការឲ្យដឹងពីអគ្គនាយកអន្តោប្រវេសន៍ក្រសួងមហាផ្ទៃថា ការអនុវត្តសាកល្បងឲ្យអ្នកដំណើរជាតិ និងអន្តរជាតិ បំពេញសលាកបត្រចូលកម្ពុជា តាមប្រព័ន្ធអនឡាញនោះ នឹងចាប់ផ្តើមអនុវត្តមុនគេ នៅក្នុងច្រកទា្វរអាកាសយាន្តដ្ឋានអន្តរជាតិ សៀមរាបអង្គរ។
អគ្គនាយកអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ឧត្តមសេនីយឯក សុខ វាសនា អោយBTVដឹងនៅថ្ងៃទី១៩ ខែធ្នូនេះថា ការអនុវត្តសាកល្បងប្រើប្រាស់ប្រព័ន្ធអេឡិចត្រូនិចបំពេញសលាកបត្រចូលកម្ពុជា ដែលមានឈ្មោះហៅថា Cambodia e-Arrival (CeA) សម្រាប់អ្នកដំណើរជាតិ និងអន្តរជាតិ នៅដើមឆ្នាំ២០២៤នេះ គឺនឹងចាប់ផ្តើមអនុវត្តនៅក្នុងអាកាសយាន្តអន្តរជាតិសៀមរាបអង្គរ នៅខេត្តសៀមរាបមុនគេ ហើយនៅពេលនេះមន្ត្រីអន្តោប្រវេសន៍ក៏បានត្រៀមខ្លួនរាល់អនុវត្តឲ្យបានល្អប្រសើរទៅតាមសេចក្តីជូនដំណឹងរបស់ក្រសួងមហាផ្ទៃ។
តាមការបញ្ជាក់បន្ថែមពីឯកឧត្តម តុប សុភ័ក រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍ បានថ្លែងថា ការអនុវត្តបំពេញឯកសារសលាកបត្រចេញចូលប្រទេសកម្ពុជាតាមប្រព័ន្ធអនឡាញនោះ នឹងផ្តល់ភាពងាយស្រួលបណ្តាអ្នកដំណើរជាតិអន្តរជាតិ ជាពិសេសគ្រប់ភ្ញៀវទេសចរអន្តរជាតិដែលធ្វើដំណើរចូលមកទស្សនាកម្ពុជា។
តាមសេចក្តីជូនដំណឹងរបស់ក្រសួងមហាផ្ទៃ៖ ការអនុវត្តសាកល្បងប្រព័ន្ធអេឡិចត្រូនិចសលាកបត្រចូលព្រះរាជាណាចក្រកម្ពុជា មុនពេលមកដល់ គឺមានគោលបំណងបង្កលក្ខណៈងាយស្រួលជូនអ្នកដំណើរអន្តរជាតិជាជនបរទេស និងពលរដ្ឋខ្មែរ លើការងារបំពេញបែបបទអន្តោប្រវេសន៍ បែបបទគយ និងបែបបទសុខភាព ក្នុងទម្រង់តែម តាមគេហទំព័រ www.arrival.gov.kh ឬតាមកម្មវិធី Cambodia e-Arrival (CeA) ដែលមានក្នុង App Store ឬ Playstore តាមទូរសព្ទដៃ។
នៅក្នុងដំណើរការចាប់ផ្តើមអនុវត្តសាកល្បងពីថ្ងៃទី១ ខែមករា រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤នេះ គឺគ្រប់អ្នកដំណើរជាតិអន្តរជាតិ គឺមានជម្រើសអាចបំពេញព័ត៌មានតាមទម្រង់ជាអេឡិចត្រូនិចក៏បាន ឬអាចបំពេញព័ត៌មានក្នុងសលាកបត្រជាក្រដាសក៏បាន៕ អត្ថបទ ស៊ុមសុខជា


