សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣នេះ នៅទីក្រុង តូក្យូ ប្រទេសជប៉ុន បានអញ្ជើញចូលរួមសិក្ខាសាលាវិនិយោគកម្ពុជាឆ្នាំ២០២៣ ស្តីពីបរិយាកាសវិនិយោគ និងសក្តានុពលនៃការធើ្វធុរកិច្ចនៅកម្ពុជា និងបន្តជួបជាមួយបណ្ដាម្ចាស់ក្រុមហ៊ុន និងវិនិយោគិនជប៉ុនជាច្រើនរូប ដើម្បីពិភាក្សាការងារ និងផ្សព្វផ្សាយពីសក្តានុពលវិនិយោគនៅកម្ពុជាដល់បណ្តាវិនិយោគិនជប៉ុន។

សម្ដេចធិបតីនាយករដ្ឋមន្រ្ដី បានអញ្ជើញចូលរួមសិក្ខាសាលាវិនិយោគកម្ពុជាឆ្នាំ ២០២៣ ស្តីពីបរិយាកាសវិនិយោគ និងសក្តានុពលនៃការធើ្វធុរកិច្ចនៅកម្ពុជា។ សិក្ខាសាលានេះ បានដើរ តួសំខាន់ក្នុងការជំរុញលំហូរពាណិជ្ជកម្ម និងវិនិយោគ, កិច្ចសហប្រតិបត្តិការធុរកិច្ច និងនវានុវត្តន៍, ការយោគយល់គ្នាទៅវិញទៅមក និងមិត្តភាពរវាងប្រទេសទាំងពីរកម្ពុជា-ជប៉ុន។
សិក្ខាសាលានេះមានវិនិយោគិនចូលរួមសរុបចំនួនប្រមាណជិត ៧០០ នាក់ ក្នុងនេះវិនិយោគិនជប៉ុនចូលរួមដោយផ្ទាល់ និងតាមអនទ្បាញមានចំនួនប្រមាណជាង ៦០០ នាក់ និងវិនិយោគិនកម្ពុជាចំនួនប្រមាណជាង៨០នាក់។ សិក្ខាសាលាវិនិយោគកម្ពុជាឆ្នាំ២០២៣ មានការសហការរៀបចំដោយសភាពាណិជ្ជកម្មកម្ពុជា អង្គការពាណិជ្ជកម្មក្រៅ ប្រទេសជប៉ុនក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងធនាគារមិស៊ូហ៊ុ (Mizuho) ដោយមាន ការចូលរួមដោយលោក អ៊ីស៊ីហ្គូរ៉ូ ណូរីហ៊ីគូ (ISHIGURO Norihiko) ប្រធាន និងជានាយកប្រតិបត្តិអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន ព្រមទាំងសមាជិកសភាពាណិជ្ជកម្មកម្ពុជា និងពាណិជ្ជករនៃប្រទេសជប៉ុនផងដែរ។
ក្នុងឱកាសនេះដែរសម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងប្រាប់ដល់វិនិយោគិនជប៉ុនថា កម្ពុជាមានសក្តានុពលច្រើន រាជរដ្ឋាភិបាលបានរៀបចំ ហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿន ព្រលានយន្តហោះ កំពង់ផែ តំបន់សេដ្ឋកិច្ចពិសេស និងបានបង្កលក្ខណៈងាយស្រួលសម្រាប់អ្នកវិនិយោគនៅកម្ពុជា។

សម្តេចធិបតីបានលើកឡើងពីការយកចិត្តទុកដាក់ដល់វិស័យឯកជន ដែលរាជរដ្ឋាភិបាលបានចាត់ទុកវិស័យឯកជនជាដៃគូរជាមួយនឹងរាជរដ្ឋាភិបាល។ សម្តេចធិបតីបានថ្លែងថា រាជរដ្ឋាភិបាលក៏នឹងពង្រឹងកិច្ច សន្ទនាជាមួយវិស័យឯកជនឱ្យកាន់តែខ្លាំងឡើងតាមរយៈការរៀបចំ វេទិការាជរដ្ឋាភិបាល និងវិស័យឯកជនឱ្យបានទៀងទាត់ ដោយសម្តេចអញ្ជើញធ្វើជាអធិបតីដោយផ្ទាល់ផងដែរ។
សម្តេចនាយករដ្ឋមន្ត្រីបានលើកទឹកចិត្តឱ្យអ្នកវិនិយោគ និងអ្នកធ្វើធុរកិច្ចជប៉ុនចូលមកសិក្សា និងវិនិយោគនៅកម្ពុជា។ សម្តេចធិបតី បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជានឹងផ្តល់ការគាំទ្រ និងកិច្ចសម្របសម្រួលគ្រប់រូបភាព ដើម្បីឱ្យធុរជន និងអ្នកវិនិយោគបរទេស អាចធ្វើធុរកិច្ច និងវិនិយោគនៅកម្ពុជាប្រកបដោយផ្លែផ្កា និងរីកចម្រើន។

បន្ទាប់ពីបានចូលរួមសិក្ខាសាលាវិនិយោគកម្ពុជា ឆ្នាំ២០២៣ ស្តីពីបរិយាកាសវិនិយោគ និងសក្តានុពលនៃការធើ្វធុរកិច្ចនៅកម្ពុជា សម្ដេចធិបតីនាយករដ្ឋមន្ដ្រីបានបន្តអនុញ្ញាតឲ្យបណ្ដាម្ចាស់ក្រុមហ៊ុន និងវិនិយោគិនជប៉ុនជាច្រើនរូបចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។
សូមជម្រាបថា ឆ្នាំ២០២៣ គឺជាខួបលើកទី ៧០ឆ្នាំ នៃទំនាក់ទំនង ការទូត រវាងកម្ពុជា និងជប៉ុន។ ប្រទេសទាំងពីរបានលើកកម្ពស់ទំនាក់ទំនងទ្វេភាគីទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលឆ្លុះបញ្ចាំងពីជម្រៅ និងវិសាលភាពនៃកិច្ចសហប្រតិបត្តិការ និងជំនឿទុកចិត្តគ្នាទៅវិញទៅមកដែលត្រូវបានកសាង អស់រយៈពេលជាច្រើនឆ្នាំមកនេះ។ ជប៉ុនគឺដៃគូពាណិជ្ជកម្ម និងវិនិយោគដ៏ធំជាងគេបង្អស់មួយរបស់កម្ពុជាហើយក៏ជាប្រទេសផ្តល់ជំនួយដ៏ធំជាងគេមួយផងដែរ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍ សេដ្ឋកិច្ច សង្គម កម្ពុជា ចាប់តាំងពីការកសាងប្រទេសឡើងវិញដំបូង៕






