សមាជិកសភាប្រជាធិបតេយ្យមួយចំនួនដែលបានបម្រើការក្នុងជួរយោធា និងនៅក្នុង CIA និយាយថា យុទ្ធសាស្ត្ររបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សាស្ទ្រីប គឺជាកិច្ចខិតខំប្រឹងប្រែងដ៏គ្រោះថ្នាក់ ដើម្បីកម្ចាត់ក្រុម សកម្មប្រយុទ្ធហាម៉ាស ហើយបានអំពាវនាវឲ្យប្រធានាធិបតី ចូ បៃដិន ប្រើ «ឥទ្ធិពលរបស់យើងទាំងអស់» ដើម្បីទទួលបានការផ្លាស់ប្តូរភ្លាមៗ នៅក្នុងវិធីសាស្រ្តរបស់អ៊ីស្រាអែល។

នៅក្នុងលិខិតមួយច្បាប់ផ្ញើទៅកាន់លោកបៃដិន កាលពីថ្ងៃចន្ទ សមាជិកសភា បាននិយាយថា ពួកគេមាន «ការព្រួយបារម្ភយ៉ាងខ្លាំង» ចំពោះយុទ្ធសាស្ត្រយោធាបច្ចុប្បន្នរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ នៅក្នុងតំបន់ហ្កាហ្សា។
ក្រុមសមាជិកសភានេះ បានសរសេរថា៖«ចំនួនអ្នកស្លាប់ជនស៊ីវិលកើនឡើង និងវិបត្តិមនុស្សធម៌ គឺមិនអាចទទួលយកបាន ហើយមិនសមស្របនឹងផលប្រយោជន៍របស់អាមេរិក។ ពួកគេ ក៏មិនជំរុញបុព្វហេតុសន្តិសុខសម្រាប់សម្ព័ន្ធមិត្តរបស់យើង គឺអ៊ីស្រាអែលនោះទេ»។
លិខិតនោះ បានឲ្យដឹងថា៖«យើងក៏ជឿថា វាធ្វើឲ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែង ដើម្បីបំផ្លាញអង្គការភេរវកម្មហាម៉ាស និងធានាការដោះលែងចំណាប់ថ្នូរទាំងអស់»។

លិខិតនេះ បានកើតឡើងចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើងរវាងរដ្ឋបាលលោកបៃដិន និងអ៊ីស្រាអែល អំពីរបៀបដែលកងកម្លាំងអ៊ីស្រាអែល កំពុងធ្វើការវាយលុកប្រឆាំងនឹងក្រុមហាម៉ាស នៅតំបន់ហ្កា ហ្សា និងបង្កើនការខកចិត្តក្នុងចំណោមសមាជិកបក្សប្រជាធិបតេយ្យរបស់លោកបៃដិន នៅក្នុងសភា។ កិច្ចប្រជុំកាលពីសប្តាហ៍មុនរវាងសមាជិកសភា និងឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំនៅសហរដ្ឋអាមេរិក បានបរាជ័យ ដោយមិនបានធ្វើឲ្យសមាជិកសភាគណបក្សប្រជាធិបតេយ្យមានជំនឿទុកចិត្ត។