ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ នៅរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣នេះ បានជួបសម្តែងការគួរសម លោក Jingyuan Xia ទីប្រឹក្សាពិសេសរបស់អគ្គនាយក FAO ទីស្នាក់ការកណ្តាលទីក្រុងរ៉ូម ដើម្បីពិភាក្សាគ្នាក្នុងការការលើកកម្ពស់ជីវភាពប្រជាកសិករនៅកម្ពុជា។

នៅក្រោយចប់ជំនួបការងារនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ឲ្យដឹងថា ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការក្នុងការចូលរួមអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា ជាពិសេសការការពារ និងគ្រប់គ្រងកត្តាចង្រៃលើផលិតផលកសិកម្ម និងការផ្សព្វផ្សាយការងារភូតគាមអនាម័យ (SPS)។ ជាមួយគ្នានេះដែរ ឯកឧត្តម បានគូសបញ្ជាក់អំពីគោលនយោបាយកសិកម្មក្នុងការជំរុញសហគមន៍កសិកម្មទំនើប និងការដាក់ពង្រាយមន្ត្រីផ្សព្វផ្សាយកសិកម្មតាមភូមិឃុំ ដែលទើបរៀបចំការប្រលងជ្រើសរើសជំហានដំបូងឆ្នាំ២០២៣ ចំនួន ២៥០នាក់ ដើម្បីជួយកសិករលើបច្ចេកទេស ទីផ្សារ និងបញ្ហាប្រឈមផ្សេងៗឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព ក្នុងផលិតកម្ម និងខ្សែច្រវាក់តម្លៃ ដើម្បីឱ្យចំណាយថ្លៃដើមទាប ទទួលតម្លៃបន្ថែមខ្ពស់ និងចំណេញច្រើន។

បើតាមឯកឧត្តមរដ្ឋមន្ត្រី ក្រសួងត្រូវការដៃគូណា ដែលអាចផ្តល់កម្ចីដែលមានអត្រាការប្រាក់ទាប ជួយដល់សហគមន៍កសិកម្មអាចវិនិយោគឈានទៅរកភាពរឹងមាំ និងនិរន្តរភាពសេដ្ឋកិច្ចពិតប្រាកដ លើមុខដំណាំសំខាន់ៗដូចជាអង្ករ ស្វាយចន្ទី និងបន្លែ ព្រមទាំងផលិតផលមានសក្តានុពលដទៃទៀត៕


