ការិយាល័យឧតុនិយមរបស់ប្រទេសអ៊ីស្លង់ បាននិយាយថា ភ្នំភ្លើងមួយបានផ្ទុះឡើងកាលពីល្ងាចថ្ងៃច័ន្ទ (១៨ ធ្នូ) នៅភាគនិរតីប្រទេសអ៊ីស្លង់ ដោយបានបញ្ចេញកម្អែភ្នំភ្លើង និងផ្សែងពាសពេញតំបន់ធំទូលាយ បន្ទាប់ពីសកម្មភាពរញ្ជួយដីដ៏ខ្លាំងក្លាអស់ជាច្រើនសប្តាហ៍ ដែលគំរាមកំហែងដល់ទីក្រុងក្បែរនោះ។

ដោយភ័យខ្លាចការផ្ទុះដ៏ខ្លាំងមួយនៅលើឧបទ្វីប រ៉ៃក្យាណេស (Reykjanes) ក្រុមអាជ្ញាធរកាលពីខែមុនបានជម្លៀសប្រជាជនជិត ៤.០០០នាក់នៃទីក្រុងនេសាទ ហ្គ្រីនដាវីក (Grindavik) ហើយបានបិទស្ប៉ាទឹកក្ដៅ ប្លូ ឡាហ្គន (Blue Lagoon) ដ៏ធំនៅក្បែរនោះ។

ការិយាល័យឧតុនិយម បាននិយាយនៅលើគេហទំព័ររបស់ខ្លួនថា «ការព្រមាន៖ ការផ្ទុះបានចាប់ផ្តើមនៅភាគខាងជើងនៃទីក្រុង ហ្គ្រីនដាវីក ពីភ្នំហាហ្កាហ្វែល (Hagafell)» ដោយបញ្ជាក់ថាការផ្ទុះបានចាប់ផ្តើមត្រឹមតែចម្ងាយពីរបីគីឡូម៉ែត្រពីទីក្រុងប៉ុណ្ណោះ ហើយស្នាមប្រេះនៅក្នុងដីលាតសន្ធឹងឆ្ពោះទៅភូមិដែលមានចម្ងាយប្រហែល ៤០គីឡូម៉ែត្រ ភាគនិរតីនៃរដ្ឋធានី រ៉ៃក្យាវីក (Reykjavik) របស់ប្រទេសអ៊ីស្លង់។

ការិយាល័យឧតុនិយម បាននិយាយថា កម្អែលភ្នំភ្លើងប្រហែល ១០០ម៉ែត្រគូបទៅ ២០០ម៉ែត្រគូប បានផុសឡើងក្នុងមួយវិនាទី ដែលមានកម្រិតច្រើនដងច្រើនជាងការផ្ទុះពីមុននៅក្នុងតំបន់។
នគរបាលក្នុងតំបន់បាននិយាយថា ពួកគេបានបង្កើនកម្រិតប្រកាសអាសន្នជាលទ្ធផលនៃការផ្ទុះភ្នំភ្លើងនេះ ហើយទីភ្នាក់ងារការពារស៊ីវិលរបស់ប្រទេសនេះបានព្រមានសាធារណជនកុំឱ្យចូលទៅជិតតំបន់នោះ ខណៈដែលបុគ្គលិកសង្គ្រោះបន្ទាន់បានវាយតម្លៃស្ថានភាព៕