នាយកទីភ្នាក់ងារស៊ើបការណ៍ចារកម្មសម្ងាត់ CIA របស់អាមេរិកលោក ប៊ីល ប៊ឺនស៍ (Bill Burns) កាលពីថ្ងៃច័ន្ទ (១៨ ធ្នូ) បានជួបជាមួយនាយករដ្ឋមន្ត្រីកាតា លោក ម៉ូហាម៉េដ ប៊ីនអាបឌូលរ៉ាហ្វម៉ាន អាល់ថានី (Mohammed bin Abdulrahman Al Thani) និងប្រធានទីភ្នាក់ងារចារកម្ម ម៉ូសាដ (Mossad) របស់អ៊ីស្រាអែលនៅរដ្ឋធានីវ៉ាសូវី (Warsaw) របស់ប្រទេសប៉ូឡូញ ដើម្បីពិភាក្សាអំពីលទ្ធភាពកិច្ចព្រមព្រៀងថ្មីក្នុងការធានាការដោះលែងចំណាប់ថ្នូរអ៊ីស្រាអែល ដែលបានចាប់ខ្លួនដោយក្រុមហាម៉ាស នៅតំបន់ហ្កាហ្សា នេះបើយោងតាមមន្ត្រីអាមេរិក និងអ៊ីស្រាអែលពីររូបបានប្រាប់សារព័ត៌មាន អាស៊ីអូស (Axios)។

លោក ប៊ឺនស៍ បានដើរតួយ៉ាងសំខាន់ក្នុងការសម្របសម្រួលកិច្ចព្រមព្រៀងលើកមុន ដែលនាំទៅដល់ការដោះលែងចំណាប់ថ្នូរជាង ១០០នាក់ កាលពីខែមុន ដែលក្នុងនោះមានជនជាតិអាមេរិកជាច្រើននាក់។ ក្រុមមន្ត្រីអ៊ីស្រាអែលនិយាយថា ការបន្តចូលរួមរបស់លោក ប៊ឺនស៍ នៅក្នុងការចរចាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការសម្រេចបានកម្មកិច្ចព្រមព្រៀងថ្មីមួយ។

កិច្ចប្រជុំនៅទីក្រុង វ៉ាសូវី បានធ្វើឡើងរយៈពេលបីថ្ងៃបន្ទាប់ពីនាយករដ្ឋមន្ត្រីកាតា និងនាយកទីភ្នាក់ងារចារកម្ម ម៉ូសាដ លោក ដេវីដ ប៉ានៀ (David Barnea) បានជួបប្រជុំគ្នានៅរដ្ឋធានីអឺរ៉ុបមួយផ្សេងទៀត ដើម្បីព្យាយាមចាប់ផ្តើមការពិភាក្សាដោយប្រយោលឡើងវិញរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ដែលកំពុងសម្របសម្រួលដោយប្រទេសកាតា។
មន្ត្រីអ៊ីស្រាអែលបាននិយាយថា ពួកគេរំពឹងថាវានឹងកាន់តែលំបាកក្នុងការយល់ព្រមលើលក្ខខណ្ឌនៃលទ្ធភាពកិច្ចព្រមព្រៀងថ្មីនាពេលនេះ។ ប្រតិបត្តិការយោធារបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សា ឥឡូវនេះផ្តោតលើការដាក់សម្ពាធលើមេដឹកនាំក្រុមហាម៉ាសនៅហ្កាហ្សា លោកយ៉ាហា ស៊ីនវ៉ា (Yahya Sinwar) ហើយក្រុមសកម្មប្រយុទ្ធមួយនេះ កំពុងស្វះស្វែងរកបទឈប់បាញ់ ដោយទុកឱកាសតិចតួចប៉ុណ្ណោះសម្រាប់ការចរចាចំណាប់ថ្នូរ៕