មន្ត្រីអាមេរិកមួយរូបបាននិយាយថា សហរដ្ឋអាមេរិកនឹងបន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយវៀតណាម បន្ទាប់ពីទីក្រុងហាណូយ បានប្រកាសកាលពីសប្តាហ៍មុនថាបានពង្រឹងទំនាក់ទំនងជាមួយប្រទេសចិន រួមទាំងលើវិស័យការពារជាតិ និងសន្តិសុខ ខណៈដែលមហាអំណាចទាំងពីរកំពុងប្រកួតប្រជែងដណ្តើមឥទ្ធិពល។

បណ្ដាមេដឹកនាំវៀតណាម បានធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងជាមួយទីក្រុងប៉េកាំង ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិនលោក ស៊ី ជីនពីង (Xi Jinping) ទៅកាន់ទីក្រុងហាណូយ កាលពីសប្តាហ៍មុន រយៈពេលបីខែបន្ទាប់ពីពួកគេបានបង្កើនទំនាក់ទំនងជាមួយទីក្រុងវ៉ាស៊ីនតោន នៅពេលដែលលោកប្រធានាធិបតី ចូ បៃដិន (Joe Biden) បានធ្វើដំណើរទៅកាន់ប្រទេសនេះនៅក្នុងអ្វីដែលត្រូវបានគេមើលឃើញថាជាជោគជ័យសម្រាប់វិធានការ «ការទូតដើមឫស្សី» របស់វៀតណាម។

ទោះបីជាមានភាសានៅក្នុងសេចក្តីថ្លែងការណ៍ចិន-វៀតណាម ដែលអាចត្រូវបានគេមើលឃើញថាជាទិសដៅប្រឆាំងនឹងសហរដ្ឋអាមេរិកក៏ដោយ ក៏ក្តីបារម្ភដែលអាចរារាំងដល់ផែនការរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការធ្វើឱ្យទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយទីក្រុងហាណូយ រហូតមកដល់ពេលនេះនៅមានកម្រិតនៅឡើយ។

លោក ខាល ថាយើ (Carl Thayer) អ្នកជំនាញជាន់ខ្ពស់ផ្នែកសន្តិសុខវៀតណាមនៅបណ្ឌិតសភាកងកម្លាំងការពារអូស្ត្រាលីនៅទីក្រុង កង់បេរ៉ា (Canberra) បាននិយាយថា «គោលដៅដែលចង់បាន» ទាំងនោះរបស់វៀតណាមជាមួយប្រទេសចិន ទំនងជាមិនប៉ះពាល់ដល់កិច្ចសហប្រតិបត្តិការការពារជាតិជាមួយទីក្រុងវ៉ាស៊ីនតោននោះទេ៕