បាល់ទាត់៖ ក្រុមការពារតំណែងជើងឯក ព្រឹត្តិការណ៍បាល់ទាត់ជើងឯកអាមេរិកខាងត្បូង រឺ Copa America ប្រេស៊ីលរកបាន ៣ពិន្ទុលើកទី២ របស់ខ្លួនក្រោយជ័យជំនះ ៤-០ លើក្រុមពែរូនៅព្រឹកថ្ងៃសុក្រនេះ។

ប្រេស៊ីលដែលបើកឆាកប្រកួតដំបូងយកឈ្នះវេណេហ្សុយអេឡា ៣-០ នោះបានបើកការនាំមុខលើពែរូតាំងពីនាទីទី១២ ដោយខ្សែការពារ Juventus, Alex Sandro។ ឈានចូលវគ្គទី២ Neymar ក៏រកបាន ១គ្រាប់ដែរនៅនាទីទី៦០ មុនពេលដែលកីឡាករ ២រូបទៀតរកបាននៅចុងម៉ោងគឺ Everton Ribeiro នៅនាទីទី៨៩ និងខ្សែប្រយុទ្ធ Everton, Richarlison នៅនាទីទី ៩០+៣។ ចប់ការប្រកួតប្រេស៊ីលយកឈ្នះពែរូ ៤-០ ទទួលបាន ៣ពិន្ទុលើកទី២ មានសរុប ៦ពិន្ទុពេញឈរលើគេក្នុងពូល តាមពីក្រោយដោយកូឡុំប៊ីមាន ៤ពិន្ទុ។
កូឡុំប៊ីប្រកួតទី២ នេះបានត្រឹមស្មើគ្នា ០-០ ប៉ុណ្ណោះជាមួយនឹងវេណេហ្សុយអេឡា ទោះបីជាមានឱកាសគ្រប់គ្រងបាល់ច្រើនលើសលុបក៏ដោយ តែបានបាត់បង់កីឡាករម្នាក់នៅនាទីទី៩០+៤ ដោយ Luis Diaz ទទួលបានកាតក្រហម។ មួយពិន្ទុនេះវេណេហ្សុយអេឡាឈរលេខ៣ ក្នុងពូលមាន ១ពិន្ទុ ខណៈពីរក្រុមទៀតអេក្វាដ័រ និងពែរូមាន ០ពិន្ទុដូចគ្នាតែទើបលេងបាន ១ប្រកួត៕
អត្ថបទ៖នាង សុភាវុធ