អាកាសធាតុត្រជាក់ដែលគ្របដណ្ដប់លើប្រទេសចិន បាននាំមកនូវការធ្លាក់ព្រិលដ៏កម្រកាលពីថ្ងៃច័ន្ទ (១៩ ធ្នូ) ដល់ខេត្តភាគខាងត្បូង ក្វាងទុង (Guangdong) ខណៈដែលសីតុណ្ហភាពនៅភាគខាងជើងដ៏ត្រជាក់បានធ្លាក់ចុះដល់កម្រិតទាបជាប្រវត្តិសាស្ត្រសម្រាប់ខែនេះ។

ក្នុងរយៈពេលមួយសប្តាហ៍នៃអាកាសធាតុដ៏ត្រជាក់ដែលមិននឹកស្មានដល់ សីតុណ្ហភាពបានធ្លាក់ចុះដល់កម្រិតទាបក្រោមសូន្យនៅក្នុងតំបន់ភាគខាងជើង ដែលរំខានដល់ការដឹកជញ្ជូនតាមផ្លូវថ្នល់ ផ្លូវដែក និងផ្លូវអាកាស ហើយថែមទាំងបណ្តាលឱ្យមានឧបទ្ទវហេតុដាច់ហ្វ្រាំងរថភ្លើងដែលធ្វើដំណើរក្នុងរដ្ឋធានីប៉េកាំងផងដែរ។

ក្រុមអ្នកព្យាករណ៍កាលពីដើមខែវិច្ឆិកា បានព្យាករណ៍ថានឹងមានរដូវរងាដែលមានអាកាសធាតុកាន់តែក្តៅនៅឆ្នាំនេះដោយសារតែបាតុភូត អ៊ែល នីញ៉ូ ខណៈព្រមានថាសីតុណ្ហភាពអាចមានការប្រែប្រួលបន្ទាប់ពីខែតុលា ជាខែដែលក្តៅបំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍។
កាលពីថ្ងៃច័ន្ទ នៅខេត្តក្វាងទុង ដែលជាទូទៅមិនមានព្រិលធ្លាក់ដូចនៅតំបន់ចុងឧត្ដរ ការធ្លាក់ព្រិលបានគ្របដណ្តប់លើកំពូលភ្នំក្នុងទីក្រុងមួយចម្ងាយត្រឹមតែ ៨០គីឡូម៉ែត្រ ភាគខាងជើងនៃរដ្ឋធានីក្វាងចូវ តាមឆ្នេរសមុទ្ររបស់ខេត្តនេះ។

នៅក្នុងខេត្តជិតខាង ក្វាងស៊ី ជាទីដែលប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) បានអំពាវនាវកាលពីសប្តាហ៍មុនឲ្យមានការឆ្លើយតបគ្រាអាសន្នជាចាំបាច់ ភ្លៀងធ្លាក់លាយឡំជាមួយដុំទឹកកកត្រូវបានព្យាករណ៍សម្រាប់ទីក្រុងមួយចំនួនក្នុងខេត្តនេះ។
នៅទីក្រុងប៉េកាំង សីតុណ្ហភាពកាលពីព្រឹកថ្ងៃច័ន្ទបានធ្លាក់ចុះដល់ដក ១៥,៥អង្សារសេ ខិតជិតដល់កម្រិតទាបជាប្រវត្តិសាស្ត្រនៅឆ្នាំ១៩៥២ ដែលមានកម្រិតដក ១៥,២អង្សារសេ សម្រាប់ថ្ងៃទី១៩ ខែធ្នូ និងសីតុណ្ហភាពដក ១៧,៧អង្សារសេ សម្រាប់ថ្ងៃទី២០ ខែធ្នូ កាលពីឆ្នាំនោះ៕