ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Charles Michel បាននិយាយកាលពីថ្ងៃទី ១៨ ខែធ្នូថា ក្រុមប្រឹក្សាអឺរ៉ុបនឹងរៀបចំកិច្ចប្រជុំកំពូលពិសេសមួយ នៅថ្ងៃទី១ ខែកុម្ភៈ ដែលមេដឹកនាំសហភាពអឺរ៉ុប នឹងពិភាក្សាអំពីកញ្ចប់ថវិកា ៥០ ពាន់លានអឺរ៉ូ (៥៥ ពាន់លានដុល្លារ) រយៈពេល៤ឆ្នាំសម្រាប់អ៊ុយក្រែន។

ក្នុងអំឡុងកិច្ចប្រជុំកំពូលនាពេលថ្មីៗនេះ សហភាពអឺរ៉ុប បានបរាជ័យក្នុងការឈានដល់ការឯកភាពគ្នាលើថវិការយៈពេលវែងរបស់ប្លុកនេះ ដែលរួមមានមូលនិធិសម្រាប់អ៊ុយក្រែន ដោយសារតែការជំទាស់ពី នាយករដ្ឋមន្ត្រីហុងគ្រី លោក វីកទ័រ អ័របាន (Viktor Orban)។
លោកអ័របាន ត្រូវបានគេមើលឃើញជាទូទៅថា គឺស្និទ្ធនឹងទីក្រុងមូស្គូ ហើយបានរារាំងជំនួយសម្រាប់អ៊ុយក្រែនម្តងហើយម្តងទៀត និងការដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី។
លោកMichel បានសរសេរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមXថា៖«ផ្តោតលើអនាគតនៃសហភាពរបស់យើងជាមួយនឹងប្រព័ន្ធដឹកនាំសហភាពអឺរ៉ុប( EUCO)ពិសេសរបស់យើង (កិច្ចប្រជុំក្រុមប្រឹក្សាអឺរ៉ុប)អំពី MFF (ក្របខ័ណ្ឌហិរញ្ញវត្ថុពហុភាគី) ដែលធ្វើឡើងនៅថ្ងៃទី១ ខែកុម្ភៈ របៀបវារៈយុទ្ធសាស្រ្តអឺរ៉ុបរបស់យើង និង EUCO របស់យើង នៅក្នុងខែមីនា និងខែមេសា»។
នៅចុងបញ្ចប់នៃកិច្ចប្រជុំកំពូលពីថ្ងៃទី ១៤-១៥ ខែធ្នូ ដែលបានបញ្ចប់ក្នុងកិច្ចព្រមព្រៀងស្តីពីការចរចាចូលជាសមាជិកជាមួយអ៊ុយក្រែន និងម៉ុលដាវី ក្រុមមេដឹកនាំសហភាពអឺរ៉ុប បាននិយាយថា កិច្ចប្រជុំថ្មី នឹងត្រូវធ្វើឡើង នៅដើមឆ្នាំ ២០២៤ ដើម្បីដោះស្រាយបញ្ហាថវិកាឡើងវិញ។