ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយនៅថ្ងៃអង្គារទី ១៩ ខែធ្នូនេះថា មេដឹកនាំប្រទេសកូរ៉េខាងជើង លោក Kim Jong Un បានពិនិត្យមើលដោយផ្ទាល់ការបាញ់សាកល្បងមីស៊ីលបាលីស្ទីកអន្តរទ្វីប(ICBM) ឥន្ធនៈរឹងដ៏មានឥទ្ធិពលបំផុតរបស់ប្រទេសនៅសប្តាហ៍នេះ ដែលមានសមត្ថភាពអាចបាញ់ដល់សហរដ្ឋអាមេរិក។

យោធាប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃចន្ទបាននិយាយថា កូរ៉េខាងជើងបានបាញ់មីស៊ីល ICBM ប្រើប្រាស់ឥន្ធនៈរឹង ដែលធ្វើឱ្យមីស៊ីលកាន់តែមានភាពងាយស្រួលក្នុងការបញ្ជូន និងកាន់តែលឿនជាងកំណែប្រើឥន្ធនៈរាវ។

ការបាញ់មីស៊ីលនេះ គឺជាលើកទីបីហើយដែលប្រទេសកូរ៉េខាងជើងបានសាកល្បងមីស៊ីល ICBM ឥន្ធនៈរឹង បន្ទាប់ពីបានបាញ់កាលពីខែមេសា និងខែកក្កដា ដែលអ្នកវិភាគបាននិយាយថា ជាការបង្ហាញសញ្ញានៃកិច្ចខិតខំប្រឹងប្រែងជាប្រចាំដើម្បីធ្វើឲ្យប្រសើរបច្ចេកវិទ្យា។
ទីភ្នាក់ងារសារព័ត៌មាន KCNA បាននិយាយពីការបាញ់មីស៊ីលកាលពីថ្ងៃចន្ទថា សមយុទ្ធនៃការបាញ់មីស៊ីល ICBM Hwasongpho-18 ត្រូវបានធ្វើឡើងជាសកម្មភាពយោធាដ៏សំខាន់មួយ ដើម្បីបង្ហាញយ៉ាងច្បាស់នូវឆន្ទៈប្រឆាំងដាច់ខាតរបស់កងកម្លាំងយុទ្ធសាស្ត្រនុយក្លេអ៊ែរប្រទេសកូរ៉េខាងជើង និងកម្លាំងដែលមិនអាចប្រៀបផ្ទឹមបានចំពោះសត្រូវ។ ទីភ្នាក់ងារសារព័រមាននិយាយថា មីស៊ីល ដែលធំបំផុតនៅក្នុងឃ្លាំងអាវុធរបស់ប្រទេសកូរ៉េខាងជើង បានហោះក្នុងចម្ងាយជាង ១.០០០ គីឡូម៉ែត្រ ហើយបានបង្ហាញពី សមត្ថភាពប្រយុទ្ធរបស់អង្គភាពមីស៊ីល ICBM។
លោក Kim បាននិយាយថា ការបាញ់នេះបានបញ្ជូន សញ្ញាច្បាស់លាស់ដល់កងកម្លាំងអរិភាព និង កំណត់នូវកិច្ចការថ្មីសំខាន់ៗមួយចំនួនសម្រាប់ការអភិវឌ្ឍកងកម្លាំងយុទ្ធសាស្ត្រនុយក្លេអ៊ែររបស់កូរ៉េខាងជើង។ សេចក្តីរាយការណ៍ បានដកស្រង់សម្តីលោក Kim បាននិយាយថា សមយុទ្ធជោគជ័យគឺជាការបង្ហាញពីការអនុវត្តជាក់ស្តែងនៃស្ថានភាពពិត និងភាពជឿជាក់នៃសមត្ថភាពវាយប្រហារដ៏គួរឱ្យភ័យខ្លាច និងការរារាំងសង្គ្រាមនុយក្លេអ៊ែរទាំងស្រុង ធ្វើឡើងដោយកងកម្លាំងប្រដាប់អាវុធរបស់កូរ៉េខាងជើង។