ឧត្តមសេនីយ៍ជាន់ខ្ពស់យោធាអ៊ុយក្រែនម្នាក់និយាយថា ទាហានជួរមុខរបស់អ៊ុយក្រែន ប្រឈមការខ្វះ គ្រាប់កាំភ្លើងធំ ហើយបានកាត់បន្ថយប្រតិបត្តិការយោធាមួយចំនួន។ ទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃចន្ទ បានដកស្រង់សម្តី ឧត្តមសេនីយ៍ អូឡេកសានឌ័រ តាណាវស្គីយី(Oleksandr Tarnavskyi) ដែលបាននិយាយថា «មានបញ្ហាខ្វះគ្រាប់រំសេវ» ។

លោក Tarnavskyi ដែលកំពុងដឹកនាំការវាយវាយបកប្រឆាំងកងកម្លាំងរុស្ស៊ី បាននិយាយថា បរិមាណជំនួយដែលចូលមក មិនគ្រប់គ្រាន់សម្រាប់អ៊ុយក្រែននោះទេ ហើយការវាយលុករបស់រុស្ស៊ី នៅតែបន្តឥតឈប់ឈរ។

លោកនិយាយថា កងកម្លាំងអ៊ុយក្រែន មិនអាចរក្សាបានកម្លាំងរបស់ខ្លួននៅគ្រប់តំបន់សមរភូមិមុខនោះទេ។ កងទ័ពរបស់លោក ផ្លាស់ទីទៅការពារនៅតំបន់មួយចំនួន ខណៈពួកគេបន្តសកម្មភាពវាយលុកនៅកន្លែងផ្សេងទៀត។
ក្នុងអំឡុងពេលកិច្ចពិភាក្សាមួយ ប្រមុខចារកម្មការពារជាតិអ៊ុយក្រែន លោក គីរីឡូ ប៊ូដាណូវ(Kyrylo Budanov) បាននិយាយថា ការចល័តកងទ័ពគឺចាំបាច់សម្រាប់យោធាអ៊ុយក្រែន ដើម្បីរក្សាកម្រិតកម្លាំងបច្ចុប្បន្ន។
លោកបានបញ្ជាក់ពីតម្រូវការក្នុងការដោះស្រាយបញ្ហាបុរសអ៊ុយក្រែនដែលគេចខ្លួនពីការកែណ្ឌធ្វើទាហាន។ លោកនិយាយថា ប្រសិទ្ធភាពស្ទើរតែសូន្យនៅក្នុងប្រព័ន្ធកែណ្ឌទាហាន ប្រសិនបើអាជ្ញាធរមិនផ្តល់កម្លាំងចិត្តឲ្យពួកគេចូលរួមជាមួយកងទ័ព។