ក្រុមឧទ្ទាមហ៊ូធីដែលគាំទ្រដោយអ៊ីរ៉ង់នៅប្រទេសយេម៉ែន បាននិយាយកាលពីថ្ងៃចន្ទថា ពួកគេបានវាយប្រហារលើនាវា «មានទំនាក់ទំនងជាមួយអ៊ីស្រាអែល» ចំនួនពីរគ្រឿង នៅក្នុងសមុទ្រក្រហម រួមទាំងនាវាដែលគ្រប់គ្រងដោយជនជាតិន័រវែស ដែលបដិសេធថា មិនមានទំនាក់ទំនងជាមួយអ៊ីស្រាអែលទេ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមឧទ្ទាមបាននិយាយថា ពួកគេបានធ្វើប្រតិបត្តិការយោធាប្រឆាំងនឹងនាវាពីរគ្រឿង ដែលមានទំនាក់ទំនងជាមួយនឹងអង្គភាពជ្វីហ្វ។
ពួកគេ បានកំណត់អត្តសញ្ញាណពួកវាថា ជានាវា Swan Atlantic និង នាវា MSC Clara ដោយនិយាយថាពួកវាត្រូវបានកំណត់គោលដៅ បន្ទាប់ពីបដិសេធមិនឆ្លើយតបនឹងការហៅទូរស័ព្ទ។
ក្រុមឧទ្ទាមហ៊ូធីរបស់យេម៉ែន បានបើកការវាយប្រហារដោយយានដ្រូន និងមីស៊ីលទៅលើនាវាដែលចូល សមុទ្រក្រហម ក្នុងគោលបំណងដាក់សម្ពាធលើអ៊ីស្រាអែលជុំវិញសង្គ្រាមបំផ្លិចបំផ្លាញរបស់ខ្លួនជាមួយក្រុមហាម៉ាស នៅតំបន់ហ្កាហ្សាស្ទ្រីប។

ក្រុមហ៊ុនដឹកជញ្ជូនធំៗចំនួន ៥ រួមទាំងក្រុមហ៊ុនធំបំផុតរបស់ពិភពលោកចំនួន២ បាននិយាយថា ពួកគេកំពុងផ្លាស់ប្តូរនាវារបស់ពួកគេ ឲ្យឆ្ងាយពីសមុទ្រក្រហម។