ទឹកជំនន់ដ៏ធំនៅភាគខាងជើងនៃប្រទេសអូស្ត្រាលី បានចាប់ផ្តើមធូរស្រាលហើយ ប៉ុន្តែទីក្រុងជាច្រើននៅតែជួបការលំបាក និងស្ថិតនៅឯកោក្នុងទឹកជំនន់ ដែលមានសត្វក្រពើ ខណៈដែលការផ្គត់ផ្គង់បានធ្លាក់ចុះ។

អាកាសធាតុធ្ងន់ធ្ងរដែលជំរុញដោយអតីតព្យុះស៊ីក្លូនត្រូពិច ចាស្ពើ (Jasper) បានធ្វើឱ្យមានភ្លៀងធ្លាក់ដូចនឹងកម្រិតទឹកភ្លៀងរយៈពេលពេញមួយឆ្នាំនៅលើផ្នែកខ្លះនៃរដ្ឋ ឃ្វីនស៍លែន (Queensland)។

មនុស្សរាប់រយនាក់នៅតែត្រូវការការជួយសង្គ្រោះ ដែលភាគច្រើននៅក្នុងសហគមន៍ដាច់ស្រយាល។ អាជ្ញាធររដ្ឋ ឃ្វីនស៍លែន និយាយថា ភ្លៀងធ្លាក់កាន់តែតិច ហើយកម្រិតទឹកទន្លេបានចាប់ផ្តើមធ្លាក់ចុះ។

កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ និងសម្រាលបន្ទុកត្រូវបានរារាំងដោយសារការបិទអាកាសយានដ្ឋាន ខៃរីនស៍ (Cairns) ជាទីដែលយន្តហោះត្រូវបានលិចទឹកកាលពីថ្ងៃអាទិត្យ។
សហគមន៍ជាច្រើនរវាងភូមិ ឃុកថោន (Cooktown) និងភូមិ អ៊ីននីសហ្វែល (Innisfail) នៅតែត្រូវបានកាត់ផ្តាច់ដោយទឹកជំនន់ ហើយស្តុកអាហារ និងទឹកកំពុងមានកម្រិតទាប។ អតីតអភិបាលក្រុង លោក ដេសម៉ុន ថាយឡេយ (Desmond Tayley) បាននិយាយថា «ដោយមិនមានអគ្គិសនី និងការផ្គត់ផ្គង់ស្ទើរតែអស់ អ្នកស្រុកកំពុងរងភាពអស់សង្ឃឹម និងបានធ្វើដំណើរឆ្លងកាត់ទឹកជំនន់ ដែលក្រពើធំៗជាច្រើនក្បាលត្រូវបានគេឃើញ»។
ក្រុមមន្ត្រីរដ្ឋបានសន្យាថា ការផ្គត់ផ្គង់សំខាន់ៗ រួមទាំងថ្នាំពេទ្យកំពុងត្រូវបានបញ្ជូនជាបន្ទាន់ទៅកាន់ទីប្រជុំជននានាទូទាំងតំបន់។ នៅពេលដែលតំបន់មួយចំនួនចាប់ផ្តើមសម្អាត អ្នកស្រុកត្រូវបានព្រមានអំពីហានិភ័យ រួមទាំងជំងឺពីទឹកកខ្វក់ និងសត្វព្រៃដែលផ្លាស់ទីជាដើម៕