
អាជ្ញាធរជាតិរៀបចំការបោះឆ្នោតអេហ្ស៊ីប បានប្រកាសកាលពីថ្ងៃច័ន្ទ (១៨ ធ្នូ)ថា លោក អាបឌែល ហ្វាតតាហ្វ អាល់ស៊ីស៊ី (Abdel Fattah al-Sisi) បានឈ្នះឆ្នោតជាប្រធានាធិបតីប្រទេសអេហ្ស៊ីបម្ដងទៀតក្នុងអាណត្តិទី៣ របស់ខ្លួនដែលមួយអណត្តិមានរយៈពេល ៦ឆ្នាំ ដោយទទួលបានសំឡេងគាំទ្រ ៨៩,៦ភាគរយ នៅក្នុងការបោះឆ្នោតដែលលោកមិនប្រឈមមុខនឹងគូប្រជែងខ្លាំងក្លា។
ការបោះឆ្នោតនោះបានធ្វើឡើងក្នុងរយៈពេលបីថ្ងៃនៅថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែធ្នូ ខណៈដែលអេហ្ស៊ីប កំពុងទប់ទល់ជាមួយនឹងវិបត្តិសេដ្ឋកិច្ចដែលកំពុងធ្លាក់ចុះ ហើយព្យាយាមគ្រប់គ្រងហានិភ័យនៃការផ្ទុះឡើងពីសង្គ្រាមនៅតំបន់ហ្កាហ្សា ដែលមានព្រំប្រទល់ជាប់ឧបទ្វីបស៊ីណៃ របស់ប្រទេសអេហ្ស៊ីប។
អ្នកបោះឆ្នោតខ្លះបាននិយាយថា ការផ្ទុះជម្លោះនៅហ្កាហ្សា បានលើកទឹកចិត្តពួកគេឱ្យបោះឆ្នោតឱ្យលោក ស៊ីស៊ី ដែលបានបង្ហាញខ្លួនឯងជាយូរមកហើយថាជាកត្តាជំរុញនៃស្ថិរភាពនៅក្នុងតំបន់ដែលងាយនឹងបង្កជាហេតុ។
ការបោះឆ្នោតនេះមានបេក្ខជនបីរូបផ្សេងទៀត ដែលមិនមានបេក្ខជនណាម្នាក់មានឋានៈខ្ពស់នោះទេ។ គូប្រជែងដ៏មានសក្តានុពលលេចធ្លោបំផុតបានបញ្ឈប់ការប្រជែងតំណែងប្រធានាធិបតីរបស់ខ្លួននៅក្នុងខែតុលា ដោយនិយាយថា ក្រុមមន្ត្រី និងក្រុមចោរបានកំណត់គោលដៅលើអ្នកគាំទ្ររបស់ខ្លួន ដោយនោះជាការចោទប្រកាន់ដែលត្រូវបានច្រានចោលដោយអាជ្ញាធរជាតិរៀបចំការបោះឆ្នោត៕