
ប្រទេសអាល្លឺម៉ង់ បានអនុម័តការបញ្ជាទិញគ្រាប់កាំភ្លើងធំ ១៥៥មិល្លីម៉ែត្រតម្លៃជាង ៤០០លានដុល្លារសម្រាប់អ៊ុយក្រែន ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ក្នុងកិច្ចព្រមព្រៀងដាច់ដោយឡែកជាមួយក្រុមហ៊ុន Rheinmetall និងក្រុមហ៊ុនបារាំងមួយដែលមិនស្គាល់អត្តសញ្ញាណ។
ក្រុមហ៊ុននេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី១៨ ខែធ្នូថា កងទ័ពអាល្លឺម៉ង់ បានដាក់បញ្ជាទិញគ្រាប់ផ្លោងជាច្រើនម៉ឺនគ្រាប់សម្រាប់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន ក្រោមកិច្ចព្រមព្រៀងក្របខណ្ឌការងារ ដែលមានស្រាប់ជាមួយក្រុមហ៊ុន Rheinmetall ដែលមានតម្លៃយ៉ាងហោចណាស់ ១០០ លានអឺរ៉ូ ឬ ១១០ លានដុល្លារ។
ការបញ្ជាទិញនេះ កើតឡើង បន្ទាប់ពីការប្រកាសកាលពីថ្ងៃទី១៤ ខែធ្នូដែលថា ក្រសួងការពារជាតិ កំពុងទិញគ្រាប់កាំភ្លើងធំចំនួន ៦៩.000គ្រាប់ សម្រាប់អ៊ុយក្រែនពីក្រុមហ៊ុនអាវុធបារាំង ក្នុងតម្លៃ ២៧៨លានអឺរ៉ូ។
ប្រទេសអ៊ុយក្រែន កំពុងបាញ់កាំភ្លើងធំដល់ទៅ ៧.០០០ គ្រាប់ ក្នុងមួយថ្ងៃ ក្នុងសង្គ្រាមរបស់ខ្លួនជាមួយនឹងរុស្ស៊ី នេះបើតាមរបាយការណ៍របស់សភាអឺរ៉ុបកាលពីខែវិច្ឆិកា។ សហរដ្ឋអាមេរិក និងបណ្តាប្រទេសអ៊ឺ រ៉ុប បានផ្គត់ផ្គង់ឲ្យអ៊ុយក្រែននូវបំណែកកាំភ្លើងធំរាប់រយ ដែលបាញ់គ្រាប់ផ្លោង ១៥៥ មិលី្លម៉ែត្រស្តង់ដារបស់អង្គការណាតូ ដែលជាប្រភេទគ្រាប់មិនត្រូវបានផលិតក្នុងស្រុក ប៉ុន្តែឧស្សាហកម្មការពារអឺរ៉ុប មិនអាចរក្សាអត្រាផលិតកម្ម ដែលត្រូវការនោះបានទេ។