បាល់ទាត់៖ អ្នកចាំទីជើងចាស់អ៊ីតាលី Gianluigi Buffon នៅមិនទាន់គិតពីរឿងចូលនិវត្តន៍ឡើយ ទោះឈានមកដល់វ័យ ៤៣ឆ្នាំក៏ដោយ បន្ទាប់ពីចុះកិច្ចសន្យា ២ឆ្នាំផ្ទេរទៅក្លិបចាស់របស់ខ្លួនដែលបានចាកចេញអស់រយៈពេល ២០ឆ្នាំមកហើយ។

កីឡាករវ័យ ៤៣ឆ្នាំរូបនេះបានចុះហត្ថលេខាលើកិច្ចសន្យា ២ឆ្នាំលេងអោយក្លិប Parma ដែលបានធ្លាក់ទៅកាន់ក្របខណ្ឌទីពីរអ៊ីតាលី Serie B ទៅហើយ។ Gianluigi Buffon បានចាកចេញពីសេះបង្កង់ Juventus នៅដំណាច់រដូវកាលកន្លងទៅ ដែលជាការប្រកបអាជីពជាមួយក្លិបនៅទីក្រុង Turin មួយនេះជាលើកទី២។ ម្ចាស់ជ័យលាភី World Cup ២០០៦ ជាមួយក្រុមជំរើសជាតិអ៊ីតាលីរូបនេះបានបង្ហាញខ្លួនសរុប ១៧៦លើកអោយអ៊ីតាលី និងកំពុងកាន់កំណត់ត្រាកីឡាករបង្ហាញខ្លួននៅក្របខណ្ឌកំពូលអ៊ីតាលី Serie A ច្រើនប្រកួតជាងគេដែរសរុប ៦៥៦ ប្រកួតបូករួមទាំងការបង្ហាញខ្លួន ១៤លើករដូវកាលមុន។
រំលឹកថា Gianluigi Buffon ធ្លាប់បានបង្ហាញខ្លួនលើកដំបូងបំផុតអោយ Parma កាលពីឆ្នាំ១៩៩៥ ក្នុងវ័យត្រឹមតែ ១៧ឆ្នាំ។ នៅឆ្នាំ២០០១ គេបានចាកចេញទៅកាន់ Juventus ក្នុងតំលៃផ្ទេរ ២៣.៣លានផោន ដែលជាតំលៃផ្ទេរអ្នកចាំទីថ្លៃបំផុតនៅពេលនោះ។ Buffon ក៏ធ្លាប់លេងបាន ១រដូវកាលឱ្យក្លិបបារាំង Paris Saint Germain នៅឆ្នាំ២០១៨ មុនត្រលប់មកកាន់ Juventus វិញនៅឆ្នាំ២០១៩៕
អត្ថបទ៖នាង សុភាវុធ