
ក្រសួងការពារជាតិកូរ៉េខាងត្បូងនិយាយថា ប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានចាប់ផ្តើមសមយុទ្ធប្រតិបត្តិការពិសេសរួមគ្នាកាលពីថ្ងៃចន្ទ ក្នុងពេលមានភាពតានតឹងខ្ពស់នៅលើឧបទ្វីបកូរ៉េ បន្ទាប់ពីការបាញ់មីស៊ីលរបស់ទីក្រុងព្យុងយ៉ាង។
ក្រសួង បានធ្វើសេចក្តីប្រកាសនៅថ្ងៃអង្គារ ទី ១៩ ខែធ្នូនេះ ហើយបាននិយាយថា សមយុទ្ធ ដែលធ្វើឡើងនៅទីតាំងហ្វឹកហ្វឺនសាលាសង្គ្រាមពិសេសច្រើនកន្លែងក្នុងប្រទេសនឹងមានរយៈពេលពីរសប្តាហ៍។
វីដេអូ ដែលបានផ្តល់ឲ្យដោយក្រសួង បានបង្ហាញឱ្យឃើញទាហានអាមេរិក និងកូរ៉េខាងត្បូងប្រដាប់ដោយអាវុធ បានធ្វើសមយុទ្ធ និងបាញ់ប្រហារលើគោលដៅនៅក្នុងអគារមួយកន្លែង។
ប្រទេសកូរ៉េខាងជើង នៅថ្ងៃអង្គារនេះបាននិយាយថា ខ្លួនបានធ្វើសាកល្បងមីស៊ីលបាលីស្ទីកអន្តរទ្វីប Hwasong-18 ថ្មីបំផុតកាលពីថ្ងៃចន្ទ ដើម្បីវាស់ស្ទង់ការត្រៀមខ្លួនសម្រាប់សង្រ្គាមរបស់កម្លាំងនុយក្លេអ៊ែររបស់ខ្លួនប្រឆាំងការបង្កើនអរិភាពរបស់សហរដ្ឋអាមេរិក ខណៈទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តរបស់ទីក្រុងនេះ បានចាប់ផ្តើមប្រតិបត្តិការប្រព័ន្ធចែករំលែកទិន្នន័យមីស៊ីល ក្នុងពេលវេលាជាក់ស្តែង។