
ការវាយប្រហារដោយក្រុមសកម្មប្រយុទ្ធហ៊ូធីយេម៉ែន លើនាវានៅសមុទ្រក្រហម កំពុងបង្ខំឲ្យក្រុមហ៊ុនដឹកទំនិញផ្លាស់ប្តូរផ្លូវ ដើម្បីគេចចេញពីព្រែកជីក Suez។
វីដេអូនេះត្រូវបានចេញផ្សាយដោយក្រុមហ៊ូធី កាលពីថ្ងៃទី២០ ខែវិច្ឆិកា បង្ហាញពីជនប្រដាប់អាវុធចុះពីឧទ្ធម្ភាគចក្រ និងរឹបអូសនាវាដឹកទំនិញនៅសមុទ្រក្រហមភាគខាងត្បូង។ ការវាយប្រហារចុងក្រោយបំផុត បានកើតឡើង កាលពីថ្ងៃចន្ទ នៅពេលដែលក្រុមហ៊ូធី បាននិយាយថា យានដ្រូនត្រូវបានបាញ់ប្រឆាំងនឹងនាវាដឹកទំនិញ២ នៅក្នុងតំបន់។
ក្រុមហ៊ូធី ដែលមានសម្ព័ន្ធមិត្តអ៊ីរ៉ង់ បាននិយាយថា ការវាយប្រហារនេះ គឺជាការឆ្លើយតបទៅនឹងការវាយលុករបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សាស្ទ្រីប ដែលអ៊ីស្រាអែលបានចាប់ផ្តើម បន្ទាប់ពីការឆ្មក់យ៉ាងកំរោល កាលពីថ្ងៃទី៧ ខែតុលា ដោយពួកសកម្មប្រយុទ្ធហាម៉ាស។
ស្ថានភាពនេះបានជំរុញឲ្យសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តបង្កើតប្រតិបត្តិការចម្រុះជាតិសាសន៍ ដើម្បីធ្វើការល្បាតរួមគ្នា នៅសមុទ្រក្រហមភាគខាងត្បូង និងឈូងសមុទ្រ Aden។
ក្រុមហ៊ុនដឹកទំនិញធំៗជាច្រើន បានចាប់ផ្តើមធ្វើដំណើរជុំវិញទ្វីបអាហ្រ្វិក ដោយសារគ្រោះថ្នាក់ ហើយមានសញ្ញាថាវិបត្តិកំពុងរីករាលដាល ដើម្បីរួមបញ្ចូលការដឹកជញ្ជូនថាមពល។ ការប្ដូរផ្លូវនេះបន្ថែមការចំណាយ និងការចំណាយពេលយូរ ដែលអ្នកវិភាគឧស្សាហកម្មរំពឹងថា នឹងត្រូវបានបូកបញ្ចូលគ្នាក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ៕